រឿងរ៉ាវគួរដឹងក្រោយ Man City គ្រងជើងឯក Premier League រដូវកាល២០២០/២០២១
បរាជ័យ១ទល់នឹង២របស់ Manchester United ក្រោមថ្វីជើង Leicester City មានន័យថា Manchester City គឺជាម្ចាស់ជើងឯក Premier League រដូវកាល២០២០/២០២១។
ឆ្លងកាត់ការប្រកួត៣៥លើក ក្រុមមេឃខៀវ មាន៨០ពិន្ទុ នាំមុខបិសាចក្រហម ១០ពិន្ទុ ខណៈការប្រកួតរដូវកាលនេះសល់តែ៣លើកទៀត។
យោងតាមស្ថិតិពីស្ថាប័ន Opta គឺ Manchester City ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលឈរនៅលេខ៨អំឡុងថ្ងៃគី្រស្មាស់ តែប្រដេញយកជើងឯកបានដោយជោគជ័យ។
អំឡុងគី្រស្មាស់ឆ្នាំ២០២០ ក្រុមលោក Pep Guardiola មាន២៣ពិន្ទុពីការប្រកួត១៣លើក ក្រោយឈ្នះ៦ដង ស្មើ៥ និងចាញ់២។ យ៉ាងណា ២២ប្រកួតក្រោយមកចាប់តាំងពីពេលនោះ ក្រុមមានមូលដ្ឋាននៅ Manchester ឈ្នះ១៩ដង និងចាញ់៣ដង ដាច់ពិន្ទុនៅកំពូលតារាង យកជើងឯកតែម្ដង។ នេះក៏ដោយសារតែការឈ្នះ១៣លើកជាប់ៗគ្នាផងដែរ។
នេះក៏ជាលើកទី៧ដែល Man City ឈ្នះតំណែងជើងឯកកំពូលអង់គ្លេស ស្មើកំណត់ត្រារបស់ Aston Villa តាមពីក្រោយចំនួនឈ្នះរបស់ Man UTD, Liverpool, Arsenal និង Everton។ បើនិយាយតែចំនួនគិតចាប់ពីប្ដូរឈ្មោះជា Premier League វិញ គឺជាលើកទី៥ហើយសម្រាប់ក្រុមមេឃខៀវ មានន័យថា ចំនួននេះស្មើ Chelsea និងក្រោមតែ Man UTD មួយប៉ុណ្ណោះ។
សារព័ត៌មាន ESPN បន្ថែមដែរថា Man City ក៏តែងតែឈរលើ Man UTD ពេលបញ្ចប់រដូវកាល ចាប់តាំងពីក្រោយ Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣៕