
Lloris និង Son ប៉ះទង្គិចគ្នាក្នុងជំនួប Spurs ឈ្នះ Everton
អ្នកចាំទី Hugo Lloris បានបង្ហាញអារម្មណ៍ខឹងខ្លាំងចំពោះមិត្តរួមក្រុម Heung Min-son ក្រោយចប់វគ្គទីមួយ ការប្រកួត Premier League តទល់ Everton នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ដែល Tottenham Hotspur ឈ្នះ១ទល់នឹង០។
ក្រោយអាជ្ញាកណ្ដាលផ្លុំបញ្ចប់វគ្គទីមួយ Lloris បានដើរទៅក្រោយ Son ហើយស្រែកដាក់ តែក៏ត្រូវបានមិត្តរួមក្រុមចាប់បំបែករហូតជិតដល់ផ្លូវចូល។
ក្នុងកិច្ចសម្ភាសក្រោយការប្រកួត អ្នកចាំទីជម្រើសជាតិបារាំង Lloris បង្ហើបថា ការតឹងសរសៃកដាក់គ្នានេះ ដោយសារកីឡាករកូរ៉េខាងត្បូង Son មិនស្ដាប់តាមរូបគេដែលជាប្រធានក្រុម។ យ៉ាងណា អតីតអ្នកចាំទីក្លិប Nice និង Lyon បញ្ជាក់ថា អ្វីគ្រប់យ៉ាងបានប្រសើរវិញហើយ គ្មានបញ្ហាទៀតទេ និងថា នេះគ្រាន់តែជារឿងធម្មតាក្នុងបាល់ទាត់។
ក្រោយចប់ការប្រកួតនោះដែរ គេឃើញ Son និង Lloris រត់ឱបគ្នាអបអរជ័យជម្នះ។
ការលេងរបស់ Tottenham Hotspur រដូវកាលនេះមិនសូវសមប្រកបឡើយ។ បច្ចុប្បន្នក្រុមលោក Jose Mourinho កំពុងស្ថិតនៅលេខ៨ មាន៤៨ពិន្ទុពីការប្រកួត៣៣លើក និងក្រោមក្រុមលេខ៤ Chelsea ៩ពិន្ទុ។
ដោយឡែក ក្រោយការចាញ់ Norwich City ក្នុងជុំទី៥ FA Cup ខ្សែការពារ Eric Dier កាលខែមីនា បានបង្ករឿងរ៉ាវមិនល្អមួយដែរ ដោយដេញវាយទស្សនិកជនម្នាក់ដល់កន្លែងអង្គុយ៕