
ក្រោយរបូត ២គ្រាប់ អ៊ុំ វិចិត្រ មិនពេញចិត្តការកាត់សេចក្តីរបស់លោកអជ្ញាកណ្តាលក្នុងជំនួបជាមួយ វិសាខា
កាលពីម្សិលមិញ យើងបានដឹងមកហើយថា ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា នាសប្តាហ៍ទី៦ ដោយក្រុម ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយ វិសាខា លើវាលស្មៅកីឡដ្ឋានស្មាត អរ អេស អិន របស់ខ្លួន ដោយលទ្ធផល ២ទល់២ ខណៈដែលជំនួបនេះអ្នកចាំទី អ៊ុំ វិចិត្រ មិនពេញចិត្តការកាត់សេចក្តីរបស់លោកអជ្ញាកណ្តាល នៅចំណុចគ្រាប់ទី២ របស់ក្រុមភ្ញៀវ ដោយខ្សែប្រយុទ្ធ Filipមានការរារាំខ្លួន ទើបធ្វើអោយ រឹង ហ៊ុនហៀង តែតបញ្ចូលទី។
អ្នកចាំទីរូបនេះ ចង់អោយលោកអជ្ញាកណ្តាលពិន័យនៅចំនុចខាងលើ ដោយលើកឡើងថា៖ « ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ពួកយើង ហើយខ្ញុំសង្ឃឹមថាក្រុមយើងនឹងបន្តធ្វើបានល្អនៅការប្រកួតបន្ទាប់ទៀត » ៕
សូមបញ្ជាក់ថា នេះគឺជាការរបូតគ្រាប់បាល់លើកដំបូងរបស់ក្រុម ភ្នំពេញក្រោន បន្ទាប់ពី ៥ ប្រកួតកន្លងមក មិនទាន់មានអ្នកបំបែកសំណាញ់ទីបានឡើយ។ បច្ចុប្បន្នក្រុមជើងឯក ៦ សម័យកាល ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ២ វិញ ដោយមាន ១៤ ពិន្ទុក្នុងដៃ ស្របពេលដែល ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ឡើងមកកំពូលតារាង ដោយមានពិន្ទុសរុបត្រឹមសប្តាហ៍ទី០៦ នេះមាន ១៦ ពិន្ទុ៕