Pep Guardiola៖ United ឆ្នាំនេះខុសពីឆ្នាំមុន ប៉ុន្តែ City ត្រៀមស្រេចហើយដើម្បីផ្តួលពួកគេ
នៅរាត្រីថ្ងៃអាទិត្យនេះ ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៃការប្រកួតដ៏ធំប្រចាំសប្តាហ៍ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ។
សម្រាប់ការប្រកួតជើងទី១ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា០ទល់នឹង០ នៅក្នុងទឹកដី Old Trafford ខណៈការជួបគ្នាជើងទី២នេះនឹងធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីយប់នេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។
យ៉ាងណាក្តី មុននឹងការប្រកួតចូលមកដល់គ្រូបង្វឹក Pep Guardiola បាននិយាយ៖ “Manchester United គឺតែងតែជាក្រុមដ៏លំបាកសម្រាប់យើង ហើយពួកគេធ្វើបានល្អណាស់នៅ Etihad ប៉ុន្មានដងចុងក្រោយនេះ។ ជាពិសេសអ្វីដែលខ្ញុំមើលឃើញនោះគឺរដូវកាលនេះពួកគេពិតជាខុសពីរដូវកាលមុនណាស់ ប៉ុន្តែពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការផ្តួលពួកគេ ព្រោះនេះគឺជាអ្វីដែលយើងកំពុងតែធ្វើបាន។”
គួរអោយដឹងថា គិតត្រឹមសប្តាហ៍នេះ Manchester City កំពុងឈរនៅកំពូលតារាងដោយមាន៦៥ពិន្ទុនៅក្នុងដៃ ខណៈក្រុមលោក Ole Gunnar Solskjaer វិញធ្លាក់មកដល់លេខ៣វិញដោយមានត្រឹម៥១ពិន្ទុតែប៉ុណ្ណោះ។