Sir Alex បង្ហើបរឿងផឹកស៊ីស្រវឹងឈ្លោះគ្នាដល់ជាប់ឃុំកាល៥០ឆ្នាំមុន
ក្នុងសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិផ្ទាល់ខ្លួន លោក Sir Alex Ferguson អតីតអ្នកចាត់ការ Manchester United បង្ហើបថា លោកធ្លាប់ផឹកស៊ីស្រវឹងវាយគ្នារហូតដល់ត្រូវសមត្ថកិច្ចឃាត់ និងឃុំខ្លួនថែមទៀត អំឡុងទសវត្សរ៍១៩៦០។
បុរសវ័យ៧៩ឆ្នាំរំឭកថា កាលណោះដោយសារតែមិនសប្បាយចិត្ត អត់សូវបានជាប់ជម្រើសដំបូងផង លោកក៏ចេញទៅផឹកស្រាកាត់សាញ ហើយក៏មានបញ្ហាតែម្ដង។
លោក Ferguson រៀបរាប់បែបនេះ “៖និយាយទៅកាលហ្នុងអន់ចិត្តរឿងមិនសូវបានជាប់១១នាក់ផង។ អាជីពរបស់ខ្ញុំដូចដុនដាបបន្តិច។ អ៊ីចឹងហើយបានចេះតែចេញទៅផឹកក្រៅកាត់សាញ ហើយសូម្បីតែមុនប្រកួតមួយថ្ងៃក៏ទៅផឹកស៊ីដែរ។ ឪពុកខ្ញុំឃាត់រហូតហ្នឹង អារឿងដើរផឹកស៊ីរាំច្រៀងមុនប្រកួតហ្នឹង។ ខ្ញុំក៏លែងមាត់រកគ្នាជាមួយគាត់ដល់ទៅ២ឆ្នាំពី១៩៦១ដល់១៩៦៣។ គាត់ថា បើឃាត់មិនស្ដាប់ទេ ទៅណាទៅៗ។ ស្រាប់តែយប់មួយនោះ ខ្ញុំផឹកឡើងស្រវឹង ហើយវាយគ្នាជាមួយគេដល់ជាប់ឃុំ។ ពេលឡើងតុលាការ គេផាក៣ផោន។ រឿងរ៉ាវទាំងអស់ហ្នឹងនៅដិតដាម ហើយខ្ញុំក៏ស្ដាយខ្លាំងដែរ។”
លោក Ferguson ធ្លាប់ជាខ្សែប្រយុទ្ធពីចន្លោះឆ្នាំ១៩៥៧ដល់១៩៧៤ និងធ្លាប់ដឹកនាំក្រុមមួយចំនួនមុនចូល Manchester United ឆ្នាំ១៩៨៦ដល់២០១៣ ជាទីរូបលោកឈ្នះពានរង្វាន់យ៉ាងច្រើន បូករួមទាំង UEFA Champions League ២ដង និង Premier League ១៣ដង៕