អតីតកីឡាករបាល់ទាត់នីហ្សេរីយ៉ាម្នាក់ថា អាចរកបានប្រាក់ច្រើននៅវៀតណាម
Dang Amaobi ជាអតីតកីឡាករបាល់ទាត់ជនជាតិនីហ្សេរីយ៉ាមួយរូបដែលធ្លាប់ចំណាយពេល១១ឆ្នាំពីឆ្នាំ២០៣ដល់២០១៤ ប្រកបអាជីពនៅប្រទេសវៀតណាមដោយលេងក្លិបជាច្រើន និងទទួលបានជោគជ័យជាហូរហែ។
ក្រោយទទួលបានសញ្ជាតិវៀតណាម បុរសវ័យ៣៩ឆ្នាំបានសម្រេចចិត្តបន្តស្នាក់នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ ដោយមិនបានត្រលប់ទៅនីហ្សេរីយ៉ាវិញឡើយ។
Amaobi ថ្លែងថា បាល់ទាត់ គឺជាដើមចមដែលបានជំរុញរូបគេឈានជើងមកកាន់ប្រទេសវៀតណាម ហើយគេក៏អាចរកបានប្រាក់ចំណូលយ៉ាងច្រើនថែមទៀត។
អតីតខ្សែប្រយុទ្ធខាងលើថ្លែងបែបនេះ “៖បាល់ទាត់ជាហេតុផលដែលនាំខ្ញុំមកកាន់ប្រទេសវៀតណាម។ ខ្ញុំពិតជាទទួលបានឱកាសយ៉ាងច្រើននៅទីនេះ។ ខ្ញុំបានលេងនៅក្លិបកំពូលៗ និងទទួលបានសមិទ្ធផលច្រើន មានមិត្តភក្ដិច្រើន និងទទួលបានការស្រលាញ់រាប់អានពីគ្រប់គ្នា។ អ្វីគ្រប់យ៉ាងដែលខ្ញុំទទួលបាន និងការងារបច្ចុប្បន្ន បានមកពីបាល់ទាត់វៀតណាម។ បើគ្មានបាល់ទាត់ទេ ខ្ញុំមិនដឹងធ្វើអ្វីទេ។ បើនិយាយពីរឿងប្រាក់ចំណូលវិញ ខ្ញុំភ្លេចហើយថា ខ្ញុំរកបានប៉ុន្មាន គ្រាន់តែដឹងថា វាច្រើន។ អរគុណបាល់ទាត់វៀតណាម ដែលខ្ញុំអាចមានលទ្ធភាពទិញផ្ទះ, ដី, រថយន្ដ និងចិញ្ចឹមគ្រួសារ។ នៅនីហ្សេរីយ៉ា គេមើលមនុស្សលើទ្រព្យ។ ក្រោយលេងនៅវៀតណាមបានមួយឆ្នាំ ខ្ញុំអាចទិញរថយន្ដបានមួយគ្រឿង ប៉ុន្តែអ្នកនៅនីហ្សេរីយ៉ាមិនជឿខ្ញុំទេ ពួកគេគិតថា ខ្ញុំទៅវៀតណាមហ្នឹង ទៅធ្វើអីផ្សេង។ ពួកគេមិនជឿថា នៅវៀតណាមមានបាល់ទាត់ដែលអាចផ្ដល់ចំណូលយ៉ាងច្រើនបែបនេះទេ។”
Amaobi និយាយថា កាលពីមុនមក អ្នកនៅនីហ្សេរីយ៉ាចង់ទៅលេងតែនៅអឺរ៉ុប ព្រោះភូមិសាស្ត្រមិនឆ្ងាយពីគ្នាប៉ុន្មាន។ ទាល់តែមួយរយៈធំក្រោយមក ទើបមានកីឡាករនីហ្សេរីយ៉ាទៅប្រកបអាជីពបាល់ទាត់នៅវៀតណាមច្រើន ហើយអាចរកប្រាក់បានច្រើនត្រលប់ទៅប្រទេសកំណើតវិញ។
ក្រោយព្យួរស្បែកជើងឆ្នាំ២០១៤ Amaobi បានបន្តការងារបាល់ទាត់ដោយធ្វើជាគ្រូបង្វឹកក្រុមយុវជនដល់បច្ចុប្បន្ន៕