លោក Klinsmann និយាយថា Kane អាចឈ្នះពានរង្វាន់នៅ Tottenham ក្រោមការដឹកនាំរបស់លោក Mourinho
(BC-99)
អតីតខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាសលោក Jurgen Klinsmann បាននិយាយថា Harry Kane មិនចាំបាច់ចាកចេញពី Tottenham ដើម្បីឈ្នះពានរង្វាន់នោះទេ។
កីឡាករអន្តរជាតិអង់គ្លេស Harry Kane មិនទាន់ទទួលបានពានរង្វាន់ធំដុំជាមួយ Tottenham Hot Spur នៅឡើយទេហើយបានទម្លាយអាថ៌កំបាំងអោយដឹងកាលពីខែមីនាថាគាត់នឹងពិចារណាក្នុងការផ្លាស់ប្តូរក្លឹបប្រសិនបើគេមានអារម្មណ៍ថាក្លឹបមិនអាចរីកចម្រើនទៅមុខបាន។
អតីតកីឡាករ Man Utd-Spurs Dimitar Berbatov និង Teddy Sheringham សុទ្ធតែបានជំរុញឱ្យ Kane ពិចារណាដោះដូរទៅកាន់ទឹកដី Old Trafford ដូចដែលពួកគេធ្លាប់ធ្វើក្នុងអាជីពរបស់ខ្លួនដែរប្រសិនបើ Kane ចង់ឈ្នះពាន។ ក៏ប៉ុន្តែសម្រាប់លោក Klinsmann ដែលជាអតីតកីឡាករនៅភាគខាងជើងទីក្រុងឡុងដ៍ម្នាក់ដែរនោះបានធ្វើការបកស្រាយថា Kane អាចសម្រេចបាននូវមហិច្ឆតាក្នុងអាជីពរបស់ខ្លួនបានក្រោមការដឹកនាំរបស់លោក Jose Mourinho នាពេលអនាគត។
Klinsmann បានប្រាប់ talkSPORT ថា “រូបគេអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលគេបានប៉ង។ គេពិតជាមានទេពកោសល្យពិសេសប្លែក ហើយឥឡូវនេះគេកំពុងឈានចូលដំណាក់កាលភាពចាស់ទុំនៃអាជីពរបស់ខ្លួន។”
លោក Mourinho ត្រូវបានតែងតាំងជាចាត់ការទូទៅបន្ទាប់ពីការបញ្ចប់តំណែងរបស់លោក Mauricio Pochettino កាលពីខែវិច្ឆិកាជាមួយ Tottenham ក្នុងគោលបំណងជួយអោយក្លឹបមួយនេះអាចឈ្នះពានរង្វាន់កំពូលណាមួយដែលពួកគេបានរង់ចាំអស់កាលវេលាដ៏យូរណាស់មកហើយ។ លោក Klinsmann បានធ្វើការគូសបញ្ជាក់ថា Mourinho គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អតីតក្លិបរបស់គាត់ដោយលោកបាននិយាយបន្ថែមថា៖ “Jose គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុត។ ជាក់ស្តែងគាត់មានទស្សនវិស័យរបស់គាត់និងវិធីនៃការឈ្នះលើអ្វីៗទាំងអស់”។
សូមរម្លឹកដែរថាលោក Jurgen Klinsmann ដែលមានវ័យ ៥៥ ឆ្នាំនាពេលបច្ចុប្បន្នគឺជាអតីតកីឡាកររបស់មាន់ខ្នាយមាសនាអំឡុងរដូវកាល ១៩៩៤-៩៥ និងបានវិលមកកាន់ក្លឹបនេះសារជាថ្មីនៅអំឡុងរដូវកាល ១៩៩៧-៩៨។ លោកក៏ជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ សហរដ្ឋអាមេរិច ក្លឹប Bayern Munich និង Hertha BSC ដែរ។