Man United ចរចាជាមួយ Shangahi Shenhua ដើម្បីបន្តការខ្ចីជើង Odion Ighalo រហូតដល់ចប់រដូវកាលនេះ
កាលពីដើមសប្តាហ៍នេះ ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។
យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញផងដែរ ក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។ ដោយឡែក Shangahi Shenhua ក៏បានបើកទ្វារចំហរសម្រាប់ការស្នើរសុំបន្តកុងត្រាខ្ចីជើងពីក្រុមរហស្សនាមបិសាចក្រហមផងដែរ។
យ៉ាងណាក្តីឥឡូវនេះក្រុមជើងឯកលីគកំពូលអង់គ្លេសត្រូវបានគេរាយការណ៍មកថា បានដាក់សំណើរទៅកាន់ Shangahi Shenhua ដើម្បីបន្តសំណើរក្នុងការខ្ចីជើង Odion Ighalo រហូតដល់ចប់រដូវកាលនេះតែម្តង ស្របពេលដែលក្របខ័ណ្ឌ Premier League ប្រកាសត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។
កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។
គួរឱ្យដឹងថា ក្លឹបមួយចំនួននៅទ្វីបអឺរ៉ុបកំពុងតែដុតដៃដុតជើងក្នុងការបន្តកុងត្រារយៈពេលខ្លីជាមួយនឹងសមាជិករបស់ខ្លួនដែលផុតកិច្ចសន្យាជាមួយនឹងក្លឹបនៅរដូវកាលនេះ ស្របពេលដែលលីគបាល់ទាត់នៅទ្វីបអឺរ៉ុបនឹងចាប់ផ្តើមធ្វើការប្រកួតឡើងវិញនៅខែក្រោយវិញ។