
កូនប្រុសលោកគ្រូ ប្រាក់ សុវណ្ណារ៉ា អាចនឹងបញ្ចប់អាជីពបាល់ទាត់ទាំងវ័យក្មេង
កីឡាករបាល់ទាត់ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលត្រូវជាកូនប្រុសរបស់គ្រូបង្វឹកបាល់ទាត់ល្បីឈ្មោះ ប្រាក់ សុវណ្ណារ៉ា បានបង្ហើបពីសំណេរមួយដែលអាចនឹងបញ្ចាប់អាជីពបាល់ទាត់ទាំងវ័យក្មេង ។
អតីតយុវជនរបស់ក្លិប ព្រះខ័នរាជស្វាយរៀង បានសរសេរថា ប្រហែលដល់ពេលត្រូវបញ្ចប់វាហើយ លាហើយកីឡាករអាជីព !
មូលហេតុនៃការសរសេររបស់ អតីតជម្រើសជាតិ U-19 រូបនេះគេមិនដឹងច្បាស់អំពីបញ្ហាអ្វីនោះ ខណ:រូបគេនិងក្លិប គិរីវង់ មិនទាន់ការប្រកាសអ្វីឡើយ ។
ប្រាក់ សុវណ្ណពិសិដ្ឋ បានផ្ដើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០១០ ក្នុងវ័យ ១៣ឆ្នាំ ជាមួយក្រុមថ្នាលយុវជនក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់មកទើបត្រូវបានគ្រូបង្វឹកជំនាន់លោក សំ វ៉ាន់ដេត ដឹកនាំផ្ដល់ឱកាសដល់រូបគេឡើងលេងក្រុមធំ ក្នុងឆ្នាំ២០១៥ និងបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ដែលជាពានអាជីពលើកដំបូងរូបគេ ដណ្ដើមបានជាមួយក្លឹប ។
ឆ្នាំ ២០១៨ ខ្សែការពាររូបនេះបានផ្លាស់ទៅចូលរួមជាមួយ ក្លិប សូលទីឡូអង្គរ រហូតដល់ជុំទី២ រដូវកាល ២០២០ ទើបមកចូលរួមជាមួយក្លិប គិរីវង់សុខសែន ជ័យ ដល់បច្ចុប្បន្ន ៕