ព្រះខ័នរាជស្វាយរៀង៖ Paddy Barrett ទៅស្រុកវិញ ខណៈតារាជើងស៊ុត Mendy មកចូលរួម
រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងសម្រាប់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅពេលដែលខ្សែការពារជនជាតិ អៀឡង់ Paddy Barrett បានឈានដល់កិច្ចព្រមព្រៀមជាមួយក្លិបចាកចេញ ទាំងដែលមកចូលរួមមិនទាន់បានលេងផ្លូវការផង ។ រឿងមួយទៀតដែលអ្នកគាំទ្រសប្បាយចិត្តគឺក្លិបដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង បានប្រកាសជាផ្លូវក្នុងការនាំយកខ្សែប្រយុទ្ធ Robert Lopez Mendy មកពីលីគកំពូលរបស់ ហ្វីលីពីន ។
ខ្សែការពារ Paddy Barrett បានផ្លាស់ពីក្លិប Indy Eleven មកចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ក្នុងទីផ្សារដោះដូរកីឡាករនៅកម្ពុជាដើមឆ្នាំ ២០២១ នេះ ដោយរូបគេបានបង្ហាញខ្លួនក្នុងការប្រកួត Pre-season នៅខេត្ត សៀមរាប និងពានរង្វាន់ Forward Pre-season ។ កាលពីម្សិលមិញស្រាប់តែខ្សែការពាររូបនេះបានផ្លាស់ទៅលេងនៅក្លិប St Patrick’s Athletic F.C. នៅស្រុកកំណើតរបស់ខ្លួនវិញ ក្រោមហេតុផល បញ្ហាផ្ទាល់ខ្លួន ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្លិប ព្រះខ័នរាជស្វាយរៀង បានបង្ហាញមុខខ្សែប្រយុទ្ធថ្មី Robert Lopez Mendy ដែលបានផ្លាស់ពីក្លិប United City F.C.ដែលពីមុនបងប្អុនស្គាល់ថា Ceres–Negros ដែលជាក្លិប ខ្លាំងមួយនៅលីគកំពូល ហ្វីលីពីន ។ ការនាំយកខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល ត្រូវបានគេមើលឃើញថាក្រុមរបស់លោក Conor នឹងកាន់តែខ្លាំងនៅតំបន់ប្រយុទ្ធក្នុងការចាប់ដៃគូជាមួយម្ចាស់ស្បែកជើងមាសពីររដូវកាលជាប់គ្នា Private ក្នុងរដូវកាលនេះ ៕