សមាជិកសភាបារាំងម្នាក់ទារដក Ballon D’Or និងសញ្ជាតិបារាំងពី Benzema
សមាជិកសភាបារាំង អ្នកស្រី Valerie Boyer បានស្នើឱ្យដកហូត Ballon D’Or និងសញ្ជាតិបារាំងពី Karim Benzema ដោយចោទខ្សែប្រយុទ្ធក្លិប Al Ittihad រូបនេះគាំទ្រក្រុមភាតរភាពមូស្លីម។
កាលពីថ្ងៃទី១៦ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានចោទប្រកាន់ Benzema ថាមានទំនាក់ទំនងជាមួយក្រុមភាតរភាពមូស្លីម បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Real បានអំពាវនាវឱ្យមានការគាំទ្រដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលប្រឈមមុខនឹងការវាយប្រហារពីអ៊ីស្រាអែល។
លោក Darmanin បានប្រាប់ CNews ថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខ្ញុំបានយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងរបស់ Benzema ទៅនឹងភាតរភាពមូស្លីម”។
Darmanin មិនបានផ្តល់ភស្តុតាងដើម្បីបញ្ជាក់ពីការថ្លែងរបស់គេទេ។ CNN បានទាក់ទងទៅរដ្ឋមន្ត្រីបារាំងដើម្បីសួរបន្ថែមអំពីការចោទប្រកាន់លើ Benzema ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងមតិសាធារណៈ ហើយសមាជិកសភា Boyer បាននិយាយថា Benzema គួរតែត្រូវបានដាក់ទណ្ឌកម្ម ប្រសិនបើការចោទប្រកាន់របស់រដ្ឋមន្ត្រីគឺជាការពិត៕