កីឡដ្ឋាន SRU បានសាងសង់ដំបូលផ្នែកខាងកើតរួច ១០០% ដើម្បីត្រៀមលីគត្រលប់មកវិញ
កីឡដ្ឋាន SRU ដែលជាទឹកដីក្នុងផ្ទះរបស់ក្លិបបាល់ទាត់ពីរនាលីគកំពូលកម្ពុជា ពោលគឺ អង្គរថាយហ្គឺរ នឹង សូលទីឡូអង្គរ ត្រូវបានសាងសងដំបូលសម្រាប់អ្នកទស្សនាផ្នែកខាងកើតរួចរាល់ ១០០% ត្រៀមទទួលអ្នកមកគាំទ្រពេលការប្រកួតត្រលប់មកវិញ ខណៈបច្ចុប្បន្នត្រូវសម្រាកទាំងពានមិត្តហ្វូនខេមបូឌានលីគ រួមទាំងពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ។
បើតាមម្ចាស់ក្លិបបាល់ទាត់ពាក់កណ្ដាលអាជីពសៀមរាបយូណាយធីតលោក លី សេងហួរ បានបញ្ជាក់ថា កីឡដ្ឋាន SRU មានផ្ទៃដី ២៧០០០ ម៉ែត្រការ៉េ និងអាចផ្ទុកទស្សនិកជនបាន ៥០០០ នាក់។ បុរសវ័យក្មេងរូបនេះសប្បាយចិត្តយ៉ាងខ្លាំងដែលបានចែករំលែកទីលានមានគុណភាពល្អដល់ក្លិបពីរធ្វើជាម្ចាស់ផ្ទះ ហើយមកធ្វើការប្រកួតប្រជែងពានរង្វាន់ធំៗ ខណៈដែលនេះក៏ជាកត្តាលើកស្ទួយបាល់ទាត់ខ្មែរឲ្យរឹតតែល្អមើល អាចកៀរគរអ្នកទស្សនា និងអ្នកគាំទ្រកាន់តែច្រើន ដែលអាចជួយឲ្យបាល់ទាត់យើងរីកចម្រើនដូចប្រទេសជិតខាង។
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ហើយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ១០២ នាក់ហើយ នឹងមានអ្នកជាសះស្បើយ ១៣ នាក់ផងដែរ៕