Real Madrid សម្រេចបោះបង់ការចរចារជាមួយ PSG លើការចុះកុងត្រាយកខ្សែប្រយុទ្ធ Kylian Mbappe
កាលពីពេលថ្មីៗកន្លងមកនេះ Real Madrid បានដាក់សំណើរផ្លូវការក្នុងតម្លៃប្រហែលជិត២០០លានអឺរ៉ូចំនួន២លើកដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappe មកកាន់ទឹកដី Santiago Bernabeu មុនទីផ្សារដោះដូរកីឡករបិទប៉ុន្មានថ្ងៃទៀត ប៉ុន្តែត្រូវបានភាគីខាង Paris Saint-Germain បដិសេធសំណើរជាបន្តបន្ទាប់។
ក្លឹបរបស់លោក Florentino Perez មានបំណងចង់បានកីឡាករសញ្ជាតិបារាំងខាងលើនេះជាយូរណាស់មកហើយ ប៉ុន្តែដោយសារតែបញ្ហាកូវីត១៩ហើយធ្វើឱ្យមានបញ្ហាហិរញ្ញវត្ថុទើបក្លឹបមិនដាក់គោលដៅយកកីឡាករថ្មីៗ។ សម្រាប់រដូវក្តៅនេះក្លឹបរហស្សនាមអធិរាជសមានបំណងចង់បានអតីតសមាជិក AS Monaco ពិតមែន ប៉ុន្តែប្រធានក្លឹប PSG បានបដិសេធការចរចារជាម្តងហើយម្តងទៀត បើទោះបីជារូបគេនៅសល់កុងត្រាត្រឹម១រដូវកាលទៀតយ៉ាងណាក្តី។
យ៉ាងណាក្តីក្លឹបជើងឯក UEFA Champions League ១៣សម័យបានប្រកាសដកខ្លួនការចរចារជាមួយក្លឹបសេដ្ឋីអារ៉ាប់លើការចុះកុងត្រាយកខ្សែប្រយុទ្ធ Kylian Mbappe ហើយ ក្រោយពីមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទាល់តែសោះលើការដាក់សំណើរមួយ១លើកជា២លើកកន្លងមកនេះ។
គួរឱ្យដឹងថា បើសិនជាខ្សែប្រយុទ្ធ Kylian Mbappe មិនអាចចាកចេញពីទឹកដីបារាំងនៅរដូវក្តៅនេះក្នុងតម្លៃខ្លួនខ្ពស់បាននោះទេ រូបគេអាចចាកចេញទៅកាន់ក្លឹបណាក៏បាននៅរដូវកាលក្រោយដោយមិនមានតម្លៃខ្លួនក្រោយកុងត្រាអស់សុពលភាព។