តោខៀវ Chelsea ខិតកាន់តែជិតក្នុងការទិញយកកីឡាករ Jadon Sancho ក្រោយពីហ៊ានដាក់តម្លៃដល់ទៅ១២០លានផោន
(BC-99)
Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយក្រុម Manchester United និង Liverpool ដើម្បីចុះហត្ថលេខាលើកីឡាករ Jadon Sancho ក្នុងទំហំទឹកប្រាក់ចំនួន ១២០ លានផោន។
បិសាចក្រហមក៏បានចំណាយពេលពេញមួយឆ្នាំដែរដើម្បីព្យាយាមទាក់ទាញកីឡាករវ័យ ១៩ ឆ្នាំរូបនេះទៅកាន់កីឡដ្ឋាន Old Trafford ដោយជឿជាក់ថារូបគេអាចជួយក្លិបត្រលប់ទៅការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។ ដោយឡែកក្រុមហង្សក្រហម Liverpool របស់អ្នកចាត់ការទូរទៅ Jurgen Klopp ឯណោះវិញក៏បានត្រៀមកញ្ចប់ទឹកប្រាក់ ១០០ លានផោនដើម្បីធ្វើជាធ្នាក់ដាក់ Jadon Sancho ដែរក៏ប៉ុន្តែក្រុមរបស់ Frank Lampard តោខៀវ Chelsea បានក្លាយជាទិសដៅដែលទំនងបំផុតសម្រាប់ Sancho បន្ទាប់ពីពួកគេបានដាក់តម្លៃដ៏សម្បើមទៅអោយ Borussia Dortmund ធ្វើការពិចារណាចំពោះតារាឆ្នើមសញ្ជាតិអង់គ្លេសម្នាក់នេះ។
លោក Lampard នឹងមិននៅស្ងៀមស្ងាត់នុះឡើយដរាបណាក្រុមរបស់លោកមិនទាន់មានកីឡាករណាដែលអាចបំពេញចន្លោះប្រហោងដែលនៅសល់ក្រោយពីការចាកចេញរបស់ Eden Hazard ទៅកាន់ Real Madrid វិញនោះទេ។
មានតម្រុយជាច្រើនណាស់ដែលអាចក្លាយជាការពិតនៅពេលខាងមុខដោយបានគូសបញ្ជាក់ថាលោក Roman Abramovich ម្ចាស់ក្លិបតោខៀវ Chelsea មានបំណងចង់សហការណ៍ជាមួយកីឡាករវ័យ១៩ឆ្នាំរូបនេះជាខ្លាំង។ ចាប់តាំងពីឆ្នាំ២០១៧មក Jadon Sancho បានចូលរួមប្រកួតអោយក្រុម Borussia Dortmund នៅ Bundesliga ចំនួន៦០ប្រកួតនិងស៊ុតបាល់បញ្ចូលទីបានចំនួន២២គ្រាប់មកហើយក្នុងនោះគេបានស៊ុតបញ្ចូលទីបាន៩គ្រាប់និងបានបញ្ជូនបាល់អោយដៃគូស៊ុតបញ្ចូលទីបាន៩ដងផងដែរនៅរដូវកាលថ្មីនេះ។