Giggs អស់តំណែងគ្រូបង្គោលវេលស៍ព្រោះរឿងហិង្សាលើមិត្តស្រី
សហព័ន្ធកីឡាបាល់ទាត់វេលស៍បានប្រកាសពីការបញ្ចប់តំណែងគ្រូបង្គោលក្រុមធំជម្រើសជាតិពីលោក Ryan Giggs និងជំនួសវិញដោយលោក Robert Page។
សារព័ត៌មាន the Athletic និង BBC រាយការណ៍ថា លោក Page នឹងដឹកនាំវេលស៍ក្នុងការប្រកួត EURO 2020។
ដើមចមបែបនេះ គឺ កាលឆ្នាំ២០២០ មានការចោទប្រកាន់លោក Giggs ពីបទប្រើហិង្សាលើស្ត្រីមួយរូបនៅឯភូមិគ្រឹះតម្លៃ១លាន៧សែនផោននាក្រុង Manchester។ ស្ត្រីនោះមានឈ្មោះថា Kate Greville វ័យ៣៧ឆ្នាំ ជាមន្ត្រីទំនាក់ទំនង និងជាមិត្តស្រីរបស់លោកតែម្ដង។
មិនត្រឹមតែប៉ុណ្ណឹងទេ ករណីស្រដៀងគ្នាក៏បានកើតឡើងលើនារឹវ័យ២០ឆ្នាំមួយរូបដែរ ដែលជាប្អូនស្រីរបស់នាង Kate ផ្ទាល់។
អតីតខ្សែបម្រើ Manchester United ត្រូវបានឃាត់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់មកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ នៅពេលនេះប៉ូលីសបានបន្តស៊ើបអង្កេត និងបញ្ជាក់ពីការចោទប្រកាន់។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ Giggs និយាយថា “៖ខ្ញុំគោរពច្បាប់ និងដឹងពីទម្ងន់ទោស។ ទោះយ៉ាងណាខ្ញុំនឹងមិនទទួលខុសត្រូវចំពោះមុខតុលាការទេ។”
សហព័ន្ធកីឡាបាល់ទាត់វេលស៍បានប្រកាសថា “៖យើងបានទទួលស្គាល់ការសម្រេចរបស់ព្រះរាជអាជ្ញា។ យើងបានបញ្ជាក់ថា Page នឹងជំនួស Giggs សម្រាប់កាតព្វកិច្ចនៅអឺរ៉ូ ២០២០។”
Giggs បានកាន់តំណែងជាគ្រូបង្គោលវេលស៍ ចាប់តាំងពីខែមករាឆ្នាំ ២០១៨ និងប្រកួតបាន៣០លើក ឈ្នះ១៦ ស្មើ៥ និងចាញ់ ៩ ហើយបានឆ្លងផុតវគ្គជម្រុះ EURO 2020។
យ៉ាងណា Giggs នៅក្នុងភ្នែករបស់អ្នកគាំទ្របានក្លាយទៅជាបុគ្គលមិនល្អដោយសារតែរឿងអាស្រូវ។ កាលពីមុន មានការភ្ញាក់ផ្អើលចំពោះព័ត៌មានដែលថា Giggs មានទំនាក់ទំនងស្នេហាជាមួយប្អូនថ្លៃស្រីរបស់លោក។ រឿងអាស្រូវអំពើផិតក្បត់ធ្វើឲ្យខូចដល់គម្រូរបស់លោកនៅលើទីលាន៕