Cech របូតពីរគ្រាប់ពេលលេងឲ្យក្រុម U23 Chelsea
អ្នកចាំទីជើងចាស់ Petr Cech បានរបូតពីរគ្រាប់ក្នុងការបង្ហាញខ្លួនសម្រាប់ក្រុម Chelsea អាយុក្រោម២៣ឆ្នាំ ពេលឈ្នះ Tottenham Hotspur U23 នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ។
តាមពិតទៅ បុរសវ័យ៣៨ឆ្នាំបានចូលនិវត្តន៍មួយឆ្នាំមកហើយ និងបានបន្តការងារក្នុងបាល់ទាត់ ដោយកាន់តំណែងទីប្រឹក្សារបស់តោខៀវ។ យ៉ាងណា នៅដើមរដូវកាល២០២០/២០២១នេះរូបលោកត្រូវបានបញ្ចូលក្នុងបញ្ជីប្រកួត Premier League សាជាថ្មី ដោយសារវិបត្តិរបួស។
Cech ដែលលេងឲ្យជម្រើសជាតិសាធារណរដ្ឋឆេក១២៤លើក ចំណាយពេល១១ឆ្នាំនៅ Stamford Bridge ឈ្នះពាន១៣គ្រឿង រួមទាំង Premier League ៤ដង, UEFA Champions League និង Europa League។
អតីតសមាជិក Rennes បង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ Chelsea ពេលឈ្នះ Sunderland ៣ទល់នឹង១ ខែឧសភា ឆ្នាំ២០១៥ មុនផ្លាស់ទៅក្រុមរួមក្រុងឡុងដ៍ Arsenal។ លោកបានចូលនិវត្តន៍នៅខែឧសភា ឆ្នាំ២០១៩ ក្រោយលេងឲ្យ Arsenal ចាញ់ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Europa League។ លោកបានវិលទៅ Stamford Bridge ភ្លាមៗក្នុងនាមទីប្រឹក្សា៕