
អតីតអ្នកចាំទី Bosnich អោយ Man Utd គិតអោយបានម៉ត់ចត់អំពីអនាគតអ្នកចាំទីរបស់ខ្លួន
(BC-99)
អតីតអ្នកចាំទីក្រុមបិសាចក្រហមលោក Mark Bosnich និយាយថា Manchester United ចាំបាច់ត្រូវតែគិតឱ្យបានម៉ត់ចត់អំពីអនាគតរបស់ David de Gea ។
កន្លែងរបស់ De Gea នៅក្នុងក្រុមដែលដឹកនាំដោយ Ole Gunnar Solskjaer កំពុងតែស្ថិតក្នុងស្ថានភាពមិនល្អបន្ទាប់ពីការបរាជ័យ FA Cup ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងគូប្រជែងតោខៀវ Chelsea ។
អ្នកចាត់ការក្រុមបិសាចក្រហមរូបនេះនៅតែរក្សាជំនឿចិត្តជាមួយកីឡាករចាំទីអេស៉្បាញបន្ទាប់ពីរូបគេបានរក្សាសំណាញ់ទីបានយ៉ាងល្អក្នុងជ័យជម្នះ ២-០ លើក្រុម Leicester City នៅថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាល Premier League ដែលធានាអោយក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ជាកន្លែងដែលក្រុមបិសាចក្រហមត្រូវការយកទៅលេង Champions League រដូវកាលក្រោយ។
De Gea ត្រូវបានជាប់ឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ United ៤ ដងក្នុង ៦ រដូវកាលប៉ុន្តែចំនួនរបូតគ្រាប់បាល់ដ៏ច្រើនដែលឈានដល់ចំនុចគួរឱ្យព្រួយបារម្ភបានកើតឡើងនៅរយៈពេល ២ ឆ្នាំកន្លងមកនេះ។
ជាការពិតចាប់តាំងពីដើមឆ្នាំ ២០១៨-១៩ គេបានធ្វើអោយមានកំហុស ៧ ដងនៅ Premier League តែចំនួននេះនៅតិចជាងអ្នកចាំទី Martin Dubravka និង Jordan Pickford ដែលបានបង្ករកំហុសចំនួន៨ដង។
អតីតអ្នកចាំទីដែលបានជួយ Man Utd អោយក្លាយជាជើងឯកក្នុងឆ្នាំ ១៩៩៩-២០០០ បានបង្ហាញការគាំទ្រដល់ De Gea ក្នុងការកែប្រែទម្រង់លេងអោយបានល្អបំផុតរបស់ខ្លួនឡើងវិញប៉ុន្ត United ក៏ត្រូវគិតពិចារណាឱ្យបានដិតដល់ចំពោះអនាគតរបស់ Dean Henderson មួយទៀតដែរ។
លោក Bosnich បានប្រាប់ទូរទស្សន៍ Sky Sports News ថា “ខ្ញុំពិតជាជឿថាគាត់នឹងបង្ហាញខ្លួនគាត់ម្តងទៀត គាត់(De Gae) ជាអ្នកចាំទីដ៏ពូកែយូរណាស់មកហើយ ។ ជាក់ស្តែងនៅពេលអ្នកចាប់ផ្តើមធ្វើខុសដូចដែលគាត់បានធ្វើក្នុងរយៈពេល ៦ ទៅ ១២ ខែចុងក្រោយនេះមនុស្សម្នារចាប់ផ្តើមបើកភ្នែកចាប់អារម្មណ៍សង្កេតលើហេតុការណ៍កំពុងកើតមានឡើង ដូចជាស្ថានភាពដែលធ្វើឱ្យក្លឹបបិសាចក្រហមធ្លាក់ចេញពី FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាឧទាហរណ៍ស្រាប់។ ពួកគេចាប់ផ្តើមចោទជាសំណួរផ្សេងៗ។ ដូចគ្នានេះផងដែរការមានអ្នកចាំទីណាម្នាក់ដូចជា Dean Henderson លេងបានយ៉ាងល្អនៅជាមួយក្រុមផ្សេងទៀតពេលនោះ Manchester United នឹងត្រូវឆ្លើយតបចំពោះសំណួររបស់អ្នករាល់គ្នា។ ពួកគេច្បាស់ជាឆ្ងល់ថាហេតុអ្វីបានជា Ole នៅតែជឿទុកចិត្តលើអ្នកចាំទីរូបនេះបើទោះជាត្រូវធ្លាក់ចេញពី FA Cup ក៏ដោយ។ គាត់បានបង្ហាញថាការសម្រេចចិត្តរបស់គាត់គឺជាត្រឹមត្រូវ។ ប៉ុន្តការឆ្ពោះទៅមុខក្នុងក្របខណ្ឌ Champions League ពួកគេពិតជាចាំបាច់ត្រូវគិតឱ្យបានម៉ត់ចត់អំពីបញ្ហានេះ។ ប្រសិនបើ United មិនចង់បាត់បង់ Dean Henderson ទេពួគេពុំគួរបន្តអោយក្លឹបផ្សេងខ្ចីយកទៅចាំទីទៀតនោះទេ”។
គួរឱ្យដឹងដែរថាលោក Mark Bosnich ក៏ជាអតីតកីឡាករថ្នាលនិងកីឡាករឈុតធំដៃទី២របស់ក្រុមបិសាចក្រហម Manchester United ផងដែរនាអំឡុងទស្សវត្សទី ៩០ ក្រៅពីនោះលោកក៏ធ្លាប់ប្រឡូកខ្លួនក្នុងនាមជាអ្នកចាំទីជាមួយក្លឹប Aston Villa និង Chelsea មុននឹងចាកចេញទៅប្រកបអាជីពជាមួយបណ្តារក្លឹបនៅ អូស្ត្រាលី ដែលជាប្រទេសកំណើតវិញរហូតដល់ចូលនិវតន្តន៍នៅឆ្នាំ ២០០៩។