
ទេព ស៊ើហ្វីអ៊ី ដាច់ចិត្តជួយកែបប្រកួតយកលេខ៣ទាំងរបួសមិនទាន់ជា១០០ភាគរយ
ខ្សែប្រយុទ្ធខេត្តកែប ទេព ស៊ើហ្វីអ៊ី បង្ហើបថា របួសឆ្អឹងជំនីរបស់គេមិនទាន់ជាដាច់១០០ភាគរយនៅឡើយទេ ដោយទើបបាន៨០ភាគរយគិតត្រឹមពេលនេះ តែនៅសម្រេចចិត្តចូលលេងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ៣ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ តទល់សៀមរាប នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា នេះ។
កីឡាករឆ្នើមខាងលើបានរងរបួសឆ្អឺងជំនីពីការប៉ះទង្គិចគ្នាជាមួយកីឡាករកំពង់ឆ្នាំង ក្នុងការប្រកួតវគ្គ៨ក្រុម ជើងទីពីរ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ បច្ចុប្បន្ន កំពុងនាំមុខលើតារាង Top Scorer ថ្នាក់ខេត្ត ដោយមាន១២គ្រាប់។ គេបានបង្ហាញខ្លួនក្នុងជំនួបជើងទីពីរ វគ្គ៤ក្រុម ដែលត្បូងឃ្មុំបានមានប្រៀបទៅហើយ តែមិនអាចជួយស្រោចស្រង់ក្រុមបានឡើយ។
ខ្សែប្រយុទ្ធមានកំណើតនៅខេត្តកំពតបញ្ជាក់បែបនេះ “៖ប៉ះសៀមរាបនេះរបួសខ្ញុំបាន៨០ភាគរយហើយ។ កាលប៉ះត្បូងឃ្មុំជើងទីពីរហ្នឹង កាលហ្នុងនៅឈឺ តែគ្រូដូរចូលនៅនាទីទី២០ ខ្ញុំសម្រេចចិត្តចូលលេងតែម្ដងទៅ ព្រោះពេលហ្នុងទ័លទៅហើយ។”
គួររំឭកថា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ កែប បានចាញ់ត្បូងឃ្មុំ ជើងទីមួយ២ទល់នឹង១ នៅមេមត់ មុនបន្តចាញ់១ទល់នឹង៣ថែមទៀតលើដីខ្លួនឯង ដូច្នេះទទួលបានត្រឹមសិទ្ធិប្រជែងចំណាត់ថ្នាក់លេខ៣ជាមួយសៀមរាបដែលបានធ្លាក់ដោយសារព្រៃវែង។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នឹងដំណើរការនៅវេលាម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច និងគូយកជើងឯករវាងត្បូងឃ្មុំ និងព្រៃវែង ចាប់ផ្ដើមនៅម៉ោង៦ល្ងាច៕