ប៉ូលីស កំពុងតាមស៊ើប Mohamed Salah
Mohamed Salah កីឡាករអេហ្ស៊ីបរបស់ក្លឹប Liverpool កំពុងត្រូវបានប៉ូលីស Merseyside ប្រចាំភាគពាយ័ព្យប្រទេសអង់គ្លេស បើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានឃ្លីបវីដេអូមួយ ដែលបង្ហាញថា Mo Salah បានប្រើប្រាស់ទូរស័ព្ទ ពេលកំពុងបើករថយន្ត។
ប៉ូលីស Merseyside ដែលគ្រប់គ្រងភាគពាយ័ព្យប្រទេសអង់គ្លេស បានបញ្ជាក់ក្នុងបណ្តាញសង្គម Twitter ថាវីដេអូនោះ បានឆ្លងទៅដល់ស្ថាប័នពាក់ព័ន្ធហើយ។ ចំណែក អ្នកនាំពាក្យក្លឹបក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League វិញ បាននិយាយថា គេក៏បានពិភាក្សាដោយផ្ទាល់ជាមួយ Salah និងអនុញ្ញាតឲ្យប៉ូលីស បើកការស៊ើបអង្កេតលើ Mo Salah។
គួរជម្រាបជូនថា នៅក្នុងវីដេអូដែលគេថតបាននោះ បានបង្ហាញថា Mohamed Salah ដែលរកគ្រាប់បាល់ឲ្យ Liverpool បាន ៤៤គ្រាប់កាលពីរដូវកាលមុន បានប្រើទូរស័ព្ទពេលកំពុងកាន់ចង្កូតឡាន ដែលមានហ៊ុមព័ទ្ធដោយអ្នកគាំទ្រ ដែលក្នុងនោះមានទាំងកុមារផងដែរ៕