Klopp រីករាយពេល Liverpool ជួប Real Madrid ម្ដងទៀត
Liverpool ទទួលបានឱកាសសងសឹក Real Madrid ដែលពួកគេធ្លាប់ចាញ់ក្នុងវគ្គ UEFA Champions League រដូវកាល២០១៧/២០១៨។
“វាពិតជាគួរឲ្យចាប់អារម្មណ៍ និងជាការប្រកួតដ៏តានតឹង ប៉ុន្តែមិនអីទេសម្រាប់ខ្ញុំ។ បើយើងមើលទៅគូផ្សេងក៏ដូចតែគ្នាហ្នឹង។ ក្រុមទាំងអស់សុទ្ធតែមានគុណភាពល្អ។ កាលជាង២ឆ្នាំងមុន ពិតជាពិបាកមែន។ ដូច្នេះវាជារឿងល្អដែលបានជួបពួកគេម្ដងទៀត។ ម្ដងនេះពួកគេអត់មាន Ronaldo អត់មាន Bale ប៉ុន្តែក៏នៅមាន Sergio Ramos, Raphael Varane, Toni Kroos, Luka Modric. , Casemrio, Dani Carvajal, Karim Benzema ដែលនៅលេងទីនោះដដែល។ កីឡាករក្មេងៗក៏ល្អដូចគ្នា។”
ក្នុងការចាប់គូកាលថ្ងៃសុក្រ ទី១៩ ខែមីនា បង្ហាញឲ្យឃើញថា ក្រុមទាំង២ត្រូវជួបគ្នាសាជាថ្មីនៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០១៧/២០១៨ Real Madrid ឈ្នះ Liverpool ៣ទល់នឹង១។
គេចាំបានថា កាលណោះ Sergio Ramos បានចាប់ទាញផ្ដួល Mohamed Salah ហើយខ្សែប្រយុទ្ធអេហ្ស៊ីពរូបនេះត្រូវបានប្ដូរចេញតែម្ដង។ បន្ទាប់មក អ្នកចាំទី Loris Karius មានកំហុស២លើក ឲ្យបាល់ចូលទី។
ម្ដងនេះ ក្រុមទាំង២មើលទៅប្រហែលមិនសូវគួរចាប់អារម្មណ៍ខ្លាំងពេកទេ ដោយសារមិនមានកីឡាករសំខាន់ៗមួយចំនួនដោយសាររបួស។ ការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា មុនបន្តចូលជើងទីមួយនៅសប្ដាហ៍បន្ទាប់៕