Honda គំរាមចេញពី Botafogo?
ខ្សែបម្រើជប៉ុន Keisuke Honda បានសរសេរលើបណ្ដាញសង្គម Twitter ថា ខ្ញុំនឹងចាប់ផ្ដើមគិតពីការចាកចេញហើយ ប្រសិនបើពួកគេមិនធ្វើឲ្យខ្ញុំមានជំនឿចិត្តនៅប៉ុន្មានថ្ងៃនេះទេ។
គេមិនដឹងថា Honda សរសេរនេះក្នុងន័យចង់ចាកចេញក្លិប Botafogo ឬយ៉ាងណាទេ។ ប៉ុន្តែជាមួយគ្នានេះ អតីតកីឡាករ Botafogo ម្នាក់ គឺលោក Dudu Cearense បានទទូចឲ្យអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើបន្តលេងទៀត ព្រោះក្លិបប្រេស៊ីលមួយនេះត្រូវការលោក។
នៅរដូវកាលនេះ Botafogo បានផ្លាស់ប្ដូរគ្រូបង្គោលយ៉ាងច្រើន ពោលដល់ទៅ៤នាក់ និងទើបផ្លាស់ប្ដូរគ្រូថ្មីចូលកាន់តំណែង គឺលោក Eduardo Barroca។
អតីតសមាជិកក្លិប CSKA Moscow និង AC Milan ខាងលើបានចូលរួមជាមួយ Botafogo នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ និងបានបន្តកុងត្រាដល់ខែកុម្ភៈ ២០២១។
២២ប្រកួតនៅរដូវកាល២០២០ Botafogo មាន២០ពិន្ទុនៅលេខ១៩ក្នុងចំណោម២០ក្រុម ពោលស្ថិតក្នុងតំបន់កាត់ចោល៕