ព័ត៌មានបារាំងថា Neymar នឹងជាទាន់ជំនួប Barca នៅវគ្គ១៦ក្រុម UCL
Neymar បានរងរបួស ហើយត្រូវប្ដូរចេញក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង កាលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ក្រោយប៉ះទង្គិចជាមួយ Thiago Mendes របស់ Lyon។
របួសកជើងធ្វើឲ្យខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវសម្រាក៣សប្ដាហ៍។ យ៉ាងណា បើយោងតាមសារព័ត៌មានបារាំង L’Equipe អតីតសមាជិក FC Barcelona នឹងជាន់ទាន់ប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តតាំងក្លិបចាស់។
Paris Saint Germain នឹងប៉ះម្ចាស់ផ្ទះ Barcelona នៅអេស្ប៉ាញថ្ងៃទី១៦ ខែកុម្ភៈ មុនជួបគ្នាសម្រាប់ជើងទីពីរនៅកីឡដ្ឋាន Parc de Prince ថ្ងៃទី១០ ខែមីនា។
Neymar ក៏បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនបែបនេះដែរ “៖មើលទៅរបួសហ្នឹងវាអាចកាន់តែខ្លាំង ប៉ុន្តែជាថ្មីម្ដងទៀត សូមអរគុណដល់ព្រះជាម្ចាស់ដែលបានជួយសង្គ្រោះខ្ញុំ។ ឥឡូវខ្ញុំធូរខ្លះហើយ នឹងកាន់តែធូរថែមទៀតនាពេលឆាប់ៗ។”
ជាមួយគ្នានេះ អតីតកីឡាករក្លិប Santos បានផុសរូបនៅកម្មវិធី Golden Ball Awards ជាមួយ Messi ហើយសរសេរថា ជួបគ្នាឆាប់ៗ។
គួររំឭកថា Neymar បានផ្លាស់ពី Barcelona ទៅ Paris Saint Germain នៅរដូវកាល២០១៧/២០១៨ ក្នុងតម្លៃ២២២លានអឺរ៉ូ។ កីឡាករវ័យ២៨ឆ្នាំបានរួមចំណែកជួយ PSG ឡើងផ្ដាច់ព្រ័ត្រ UCL រដូវកាលមុនដែលចាញ់ Bayern Munich ទទួលបានចំណាត់ថ្នាក់លេខពីរ៕