កីឡាករអ៊ុយរុយហ្គាយម្នាក់លង់ទឹកស្លាប់ មួយថ្ងៃក្រោយខួប២៥ឆ្នាំ
ជាដំណឹងអាក្រក់មួយក្នុងពិភពបាល់ទាត់អ៊ុយរុយហ្គាយដោយសារតែការបាត់បង់ជីវិតរបស់កីឡាករ Franco Acosta កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។
ហេតុការណ៍នេះកើតឡើងមួយថ្ងៃក្រោយថ្ងៃកំណើតអាយុ២៥ឆ្នាំរបស់គេ។ ថ្ងៃនោះគេបានទៅកម្សាន្ដនៅរមណីយដ្ឋានមួយកន្លែងនាតំបន់ Canelones ដែលរូបគេ និងបងប្រុសបានហែលឆ្លងទឹក ហើយក៏បាត់លែងឃើញ។ លុះ២ថ្ងៃក្រោយមក សាកសពរបស់គេក៏ត្រូវបានប្រទះឃើញ។
Acosta ជាសមាជិកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយអាយុក្រោម២០ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup យុវជនឆ្នាំ២០១៥។ គេរកបានមួយគ្រាប់ពេលស្មើ១-១ជាមួយជម្រើសជាតិម៉ាលីក្នុងវគ្គចែកពូល។
អតីតខ្សែប្រយុទ្ធក្លិប Fenix នៅប្រទេសអ៊ុយរុយហ្គាយបានចូលរួមជាមួយ Villareal ក្នុងតម្លៃ១លាន៣សែនផោន កាលឆ្នាំ២០១៥។ នៅក្លិបអេស្ប៉ាញមួយនេះ គេមិនសូវទទួលបានជោគជ័យទេដោយលេងបានត្រឹមក្រុម B ប៉ុណ្ណោះ ហើយក៏ត្រូវបានដាក់ឲ្យខ្ចីនៅក្លិប Racing Santander។
Acosta បានត្រលប់ទៅស្រុកកំណើតវិញ ឆ្នាំ២០១៩ ដោយលេងនៅ Plaza Colonia លើលក្ខខណ្ឌខ្ចី មុនផ្ទេរទៅ Atenas ឆ្នាំ២០២០ដល់ដែលជាក្លិបចុងក្រោយមុនចែកឋាន៕