សារព័ត៌មានវៀតណាមសរសើរកីឡដ្ឋានវិសាខា តែថាក្រុមខ្លួនអាចពិបាករឿងស្មៅ
សារព័ត៌មានវៀតណាម Zing បានលើកសរសើរពីសោភ័ណភាពកីឡដ្ឋានព្រីនស៍របស់ខ្លួនក្លិបបាល់ទាត់វិសាខាដែលត្រូវបានជ្រើសរើសជាសហទីតាំងរៀបចំព្រឹត្តិការណ៍ AFF U23 Championship 2022។
ប្រភពដដែលរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធជុំវិញ ក្នុងស្តាតទាំងភ្លើងផងនោះត្រូវបានរៀបចំយ៉ាងល្អ។ កៅអីអង្គុយសុទ្ធតែថ្មី, ស្មៅគូសច្បាស់ៗងាយស្រួលដល់អាជ្ញាកណ្ដាលក្នុងការគូសចំណាំ, ប្រព័ន្ធបង្ហូរទឹកក៏ល្អ ងាយស្រួលហូរពេលភ្លៀង។
យ៉ាងណា Zing ព្រួយបារម្ភរឿងមួយ គឺស្មៅ ដែលជាប្រភេទស្មៅស្លឹកធំ ឬហៅជាអង់គ្លេសថា ginger leaf grass។ សម្រាប់ក្រុម U23 វៀតណាមកន្លងមកហាត់តែនៅលើស្មៅតូច។ ចំពោះស្មៅធំអាចពិបាកលេង ព្រោះបន្ថយល្បឿនបាល់ ដូច្នេះកីឡាករត្រូវលេងលឿនៗ ទាត់ខ្លាំង។
ក្រុម U23 វៀតណាម ទើបចាប់ផ្ដើមការប្រកួតដំបូងក្នុងពូល C របស់ខ្លួននៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ នេះដោយត្រូវប៉ះសិង្ហបុរី ដែលចាញ់ថៃ ៣ទល់នឹង១៕