
មុនលេចធ្លោខ្លាំង មិន រតនៈ ធ្លាប់បរាជ័យក្នុងការតេស្ដចូលក្រុមយុវជនក្លិបធំមួយ
មិន រតនៈ ជាកីឡាករដ៏ឆ្នើមវ័យក្មេងមួយរូបប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងត្រូវបានអ្នកតាមដានជាច្រើនចាត់ទុកជាអនាគតតារាឆ្នើមមួយរូបក្នុងជម្រើសជាតិ។
អាជីពបាល់ទាត់របស់គេចាប់ផ្ដើមក្នុងឆ្នាំ២០១៩ ក្នុងក្រុមធំព្រះខ័នរាជស្វាយរៀង ក្រោយចាយពេលត្រឹមមួយរដូវកាលក្នុងក្រុមអាយុក្រោម១៨ឆ្នាំក្លិបដដែលនេះ។ មុនឈានជើងចូលព្រះខ័នរាជស្វាយរៀង កីឡាករវ័យ១៩ឆ្នាំបានដើរធ្វើតេស្ដតាមក្រុម និងក្លិបជាច្រើន តែមិនជោគជ័យ ដោយសារបញ្ហាកាយសម្បទាដែលតូច។
ជាក់ស្ដែង លោក ប៊ួយ ដារី អតីតគ្រូបង្គោលយុវជនភ្នំពេញក្រោនបង្ហើបថា រតនៈ ក៏ធ្លាប់ទៅធ្វើតេស្ដក្នុងក្រុមរបស់លោកដែរ តែមិនបានសម្រេចចិត្តយកទេ ព្រោះមើលទៅតូចពេក។ លោកមិននឹកស្មានថា គេអាចវិវឌ្ឍខ្លួនយ៉ាងល្អបែបនេះសោះ។
“មិន រតនៈ អភិវឌ្ឍខ្លួនបានយ៉ាងលឿន។ សម្រាប់ខ្ញុំ គាត់ជាកីឡាករម្នាក់ដែលក្លាហាន លេងដោយទំនុកចិត្ត ការទទួល ការគ្រប់គ្រងបាល់របស់គាត់ គឺល្អខ្លាំង ការដាក់ខ្លួនពាំងក៏ល្អខ្លាំង។ គាត់ហ៊ានលេងទៅមុខ ហើយការទាត់ពីចម្ងាយក៏ល្អទៀត។ ខ្ញុំគិតថា វាពិតជាល្អដែលមានក្មេងជំនាន់ក្រោយល្អដូចគាត់ និងលេងដឺមីប្រយុទ្ធដូចគាត់ ព្រោះយើងកំពុងរកមនុស្សដូចគាត់អ៊ីចឹង។” នេះជាការលើកឡើងពីលោក ប៊ួយ ដារី ដែលជាអតីតគ្រូបង្វឹកយុវជននៅភ្នំពេញក្រោន និងបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិបសៀមរាបយូណាយធីត។
មិន រតនៈ បានជាប់ជម្រើសជាតិក្រុមធំលើកដំបូងក្នុងឆ្នាំ២០២១នេះ កាលទៅជម្រុះ FIFA World Cup 2022 នៅប្រទេសបារ៉ែន កាលខែមិថុនា។ ក្នុងការប្រកួតពានរង្វាន់ AFF Cup 2020 នៅសិង្ហបុរី គេចូលលេងជម្រើស១១នាក់ដំបូងបានមួយប្រកួតហើយពេលប៉ះឥណ្ឌូនេស៊ី៕