ការប្រកួតរបស់កីឡាករគុនខ្មែរ ខេម ចាន់ នៅប្រទេសជប៉ុនត្រូវបានម្ចាស់កម្មវិធីលុបចោល
កម្មវិធី Rise World Series 2020 ដែលត្រៀមធ្វើឡើងនៅថ្ងៃទី១២ ខែមេសា នៅប្រទេសជប៉ុន ដោយមានកីឡាករគុនខ្មែរ ខេម ចាន់ ចូលរួមប្រកួតនោះ ឥឡូវនេះត្រូវបានអ្នករៀបចំកម្មវិធីប្រកាសលុបចោលហើយ នេះបើយោងតាមការប្រកាសផ្ទាល់ពី Page កម្មវិធី Extreme Fight Game Rise ផ្ទាល់តែម្តង។
បើយោងតាមផេកកម្មវិធីដដែរ បានឲ្យដឹងបន្ថែមទៀតថា យោងតាមការប្រជុំពិភាក្សាគ្នា ខាងក្រុមហ៊ុនសំរេចចិត្តរួមគ្នាលុបកម្មវិធីចោលតែម្តង ដោយគិតទៅលើសុវត្ថិភាពរបស់ក្រុមកីឡាករ និង ទស្សនិកជន ខណៈដែលជំងឺកូរ៉ូណា (Covid-19) កំពុងតែរាដត្បាតជុំវិញពិភពលោក។ ហើយខាងក្រុមក៏បានធ្វើការសុំអភ័យទោសទៅដល់ទស្សនិកជន និង អ្នកពាក់ព័ន្ធដែលទន្ទឹងរងចាំការប្រកួតនេះ។
គួររំលឹកថា ម្ចាស់មេដាយសំរឹទ្ធ Kickboxing ស៊ីហ្គេមកម្ពុជា ខេម ចាន់ ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន MASAHIKO SUZUKI ក្នុងព្រឹត្តិការណ៍ RISE World Series នៅប្រទេសជប៉ុន ដោយការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅទីក្រុង Osaka លើប្រភេទទម្ងន់ ៥៥Kg និងប្រកួតលក្ខណៈ Kickboxing មានចំនួន ៣ទឹក ក្នុង ១ទឹកមាន ៣នាទី។ ហើយបើរូបគេឈ្នះជុំទី១នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើឈ្នះទៀតនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ បើឈ្នះវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀតរូបគេនឹងក្លាយជាម្ចាស់ជើងឯក ហើយត្រូវជួបកំពូលកីឡាករជប៉ុនដែលធ្លាប់ប៉ះ Floyd និង រតថាំង គឺ Tenshin តែអ្វីៗត្រូវបានបញ្ចប់ដោយសារតែជំងឺកូរ៉ូណា៕