
ឃួនឡា បូរ៉ាវី បានចាកចេញពីក្លិបថៃ Surat Thani FC មកក្លិបចាស់វិញហើយ
គេហទំព័ររបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានចេញផ្សាយថា ខ្សែប្រយុទ្ធជើងចាស់កម្ពុជា ឃួនឡា បូរ៉ាវី បានចាកចេញពីក្លិបថៃ Surat Thani FC ដើម្បីត្រលប់មករួមរស់ជាមួយ បឹងកេត វិញ ។
កីឡាករមកពីខេត្តកំពង់ចាមវ័យ៣០ឆ្នាំ បានចេញពីបឹងកេតទៅចូលរួម Surat Thani កាលពីចុងខែឧសភា និងចូលលេងការប្រកួតផ្លូវការចំនួន៥ប្រកួតនៅ Thai League 3 និងស៊ុតចូល១គ្រាប់។ ប៉ុន្តែបន្ទាប់មក ដោយសារមូលហេតុផ្ទាល់ខ្លួន អតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង បានចរចាជាមួយក្លិប Surat Thani ដើម្បីត្រលប់មកកម្ពុជាវិញ។
ទោះយ៉ាងណា បូរ៉ាវី មិនអាចលេងឱ្យបឹងកេតក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគនិងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរដូវកាល២០១៨បានឡើយ ដ្បិតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបិទការចុះបញ្ជីតាំងពីថ្ងៃទី២៩ខែមិថុនា។ ដូច្នេះ បូរ៉ាវី នឹងត្រូវរង់ចាំដល់រដូវកាលក្រោយទើបអាចលេងក្នុងប្រកួតផ្លូវការសម្រាប់បឹងកេតបាន ៕
ប្រភព៖ CNCC