
ថ្ងៃនេះឆ្នាំមុន Neymar ផ្ទេរទៅ PSG បំបែកឯតទគ្គកម្មក្លាយជាកីឡាករថ្លៃជាងគេលើលោក
កាលពីឆ្នាំមុននៅថ្ងៃនេះ ក្រុមចាយលុយធំបារាំង Paris St-Germain បានប្រកាសចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Neymar ពីក្រុមអ្នកមានបុណ្យ FC Barcelona ជាផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ឬ២០០លានផោន។
ក្រោយផ្ទេរមកកាន់ក្របខ័ណ្ឌបាល់ទាត់ Ligue 1 របស់បារាំង កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហាត់ ៤៥លានអឺរ៉ូក្នុងមួយឆ្នាំ ឬ ៨សែន៦ម៉ឺន៥ពាន់អឺរ៉ូក្នុងមួយសប្ដាហ៍។
អតីតសមាជិក Santos បានចុះហត្ថលេខាលើកុងត្រា៥ឆ្នាំ ដោយធ្វើឲ្យក្លឹបរបស់មហាសេដ្ឋីអារ៉ាប់ត្រូវចំណាយសរុបលើរូបគេប្រមាណ៤០០លានផោន សម្រាប់ Barca និង សាមីខ្លួន។
ក្នុងការបង្ហាញខ្លួនចំនួន៣០លើកនារដូវកាលដំបូង Neymar ស៊ុតបញ្ចូលទីបាន២៨គ្រាប់ ហើយបានជួយឲ្យ PSG ឈ្នះពានរង្វាន់ Ligue 1, Coupe de France និង Coupe de la Ligue។