ក្រុមនារី Chelsea ឈ្នះជើងឯកក្របខណ្ឌកំពូលអង់គ្លេស
ក្រុមបាល់ទាត់នារី Chelsea បានគ្រងតំណែងជើងឯក FA Women’s Super League រដូវកាល២០២០/២០២១ ក្រោយឈ្នះ Reading FC ៥ទល់នឹង០ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា។
ក្រុមតោញីខៀវបញ្ចប់រដូវកាល ដោយមាន៥៧ពិន្ទុ ឈរលេខមួយ នាំមុខ Manchester City ២ពិន្ទុ។
នេះជាការឈ្នះជើងឯកកំពូលនារីប្រចាំប្រទេសអង់គ្លេសលើកទី៤ និងជាលើកទី៣ជាប់ៗគ្នាសម្រាប់ Chelsea។ ទន្ទឹមនឹងនេះ ពួកគេក៏ក្រសោបបានពានរង្វាន់ឯកជន៣ធំៗទៀត គឺស្បែកជើងមាស Sam Kerr (២១គ្រាប់), ស្រោមដៃមាស Ann-Katrin Berger (Clean Sheet ១២ដង) និងគ្រូបង្វឹកល្អ អ្នកស្រី Emma Hayes។
គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់នារី Chelsea នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រ UEFA Women Champions League ២០២១ នៅថ្ងៃទី១៦ ខែឧសភា តទល់ក្រុមនារី FC Barcelona៕