ជ័យជម្នះរបស់ Arsenal មានន័យថា West Brom ជាក្រុមទី២ធ្លាក់ពី Premier League
West Bromwich Albion មិនអាចបន្តនៅក្របខណ្ឌ Premier League ទៀតទេនៅរដូវកាលក្រោយ បន្ទាប់ពីចាញ់ Arsenal ៣ទល់នឹង១នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា។
តាមពិតទៅ ក្រុមលោក Sam Allardyce មិនសល់ក្ដីសង្ឃឹមច្រើនទេក្នុងការប្រកួតប្រជែង តែវាត្រូវបានបញ្ជាក់កាន់តែច្បាស់ ពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
Emile Smith បាន volley បញ្ចូលទីយ៉ាងល្អ ពីការបញ្ជូនដោយ Bukayo Saka បើកការនាំមុខសម្រាប់ក្រុមកាំភ្លើងធំក្នុងនាទី២៩។ Nicolas Pepe ធ្វើឲ្យ West Brom កាន់តែលំបាកពេលគេទាត់បញ្ចូលទីមួយជើងឆ្វេងចូលជ្រុង៩០ក្នុងនាទី៣០។
ចូលដល់វគ្គទី២នាទី៦៧ Matheus Pereira ទាត់បញ្ចូលទីយ៉ាងស្អាត វាយបកមួយគ្រាប់សម្រាប់ក្រុមលោក Sam Allardyce។
ក្រុមលោក Mikel Arteta បន្ថែមគ្រាប់ទៀតដែលជាគ្រាប់ទី៣ពីការទាត់ហ្វ្រីឃីកដោយ Willian។
ឆ្លងកាត់ការប្រកួត៣៥លើក West Brom មាន២៦ពិន្ទុ ស្ថិតនៅលេខ១៩ ពីក្រោមតំបន់សុវត្ថិភាព១០ពិន្ទុ។ ចំណែក Arsenal ស្ថិតនៅលេខ៩ មាន៥២ពិន្ទុ ក្រោមទីតាំងលេខ៥ ចំនួន៦ពិន្ទុ។ West Brom ជាក្រុមទី២ដែលត្រូវបញ្ជាក់ពីការកាត់ចោល បន្ទាប់ពី Sheffield United៕