ច្រឹង ពលរដ្ឋ និយាយយ៉ាងម៉េច បន្ទាប់ពីក្លិបនៅថៃចំនួន២ចង់បាន
ច្រឹង ពលរដ្ឋ ដែលខ្សែបម្រើរបស់ក្លិបបាល់ទាត់ វិសាខា បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅពេលដែលមានក្លិបរបស់ថៃចំនួន២បានទាក់ទងចង់នាំយករូបគេទៅលេងនៅថៃនារដូវកាលថ្មី ២០២១/២២ ។
អតីតកីឡាករក្រសួងការពារជាតិ បានបញ្ជាក់ថា ÷ ជាការពិតណាស់ ដែលមានក្លឹប២ ដែលទាក់ទងមកក្នុងការចូលរួម និងលេងលីគទី២ នៃប្រទេសថៃ ប៉ុន្តែអ្វីៗស្ថិតក្នុងការចចារ ចំពោះខ្ញុំពេលនេះមិនគិតអ្វីច្រេីនទេ គឺខ្ញុំត្រូវខំប្រឹងបន្ថែម និងត្រៀមខ្លួនសំរាប់ការត្រលប់មកវិញនៅលីគកំពូលកម្ពុជា និងត្រៀមខ្លួនជាមួយក្រុមខ្ញុំ វិសាខា ♥️ អរគុណចំពោះការស្រឡាញ់ និង គាំទ្រដល់រូបខ្ញុំ ។
ក្លិបមួយដែលគេបានដឹងច្បាស់ថាចង់បានខ្សែបម្រើជម្រើសជាតិកម្ពុជា រូបនេះ គឺ MOF Custom United ដែលស្ថិតនៅលីគលំដាប់ទី២ របស់ថៃ ។
ទាក់ទងទៅរឿងនេះដែរលោក ហុក សុចិត្រា ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប វិសាខា ក៏បានបញ្ជាក់ក្លិបរបស់ថៃ ពិតជាបានទាក់ទងចង់បាន ពលរដ្ឋ ពិតមែន ប៉ុន្តែអ្វីៗគឺត្រឹមតែចរចារតែប៉ុណ្ណោះ មិនទាន់មានអ្វីច្បាស់លាស់ឡើយ ។
សូមបញ្ជាក់ ច្រឹង ពលរដ្ឋ ធ្លាប់ត្រូវបានក្លិប Buriram United ចុះកិច្ចសន្យាខ្ចីជើងទៅលេងដែរ ក្នុងឆ្នាំ ២០១៩ គ្រាដែលរូបគេនៅជា កីឡាករ ក្លិប ទ័ព ប៉ុន្តែដោយសាររបួស ទើបចែកផ្លូវគ្នាវិញ ៕