
Andrea Pirlo ត្រៀមលក់ខ្សែបម្រើ២រូបចេញហើយទិញ Isco ចូលដើម្បីប៉ះបាល់ឱ្យ Ronaldo ស៊ុត
កាលពីថ្ងៃអាទិត្យ Juventus បានប្រកាសពីការចែកផ្លូវគ្នាដើរជាមួយគ្រូបង្វឹក Maurizio Sarri ក្រោយពីក្រុមរហស្សនាមសេះបង្កង់បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ដោយក្រុមជើងឯក Serie A ៣៦សម័យក៏បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗយ៉ាងគួរឱ្យភ្ញាក់ផ្អើលគឺ Andre Pirlo។
យ៉ាងណាក្តីក្រោយពីបានឡើងមកកាន់តំណែង អតីតសមាជិក Inter និង AC Milan រូបនេះត្រូវបានគេរាយការណ៍មកថា កំពុងសិក្សាក្នុងរុះរើសមាសភាពក្រុមថ្មី ជាពិសេសនៅតំបន់បម្រើតែម្តង មុនពេលដែលរដូវកាលថ្មីឈានចូលមកដល់។ តាមប្រភពដដែលបានបញ្ចេញថាខ្សែបម្រើ Blaise Matuidi និង Aaron Ramsey គឺជាមុខព្រួញនៅក្នុងការលក់ចេញនៅរដូវក្តៅនេះ ដោយពួកគេមិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់នៅរដូវកាលក្រោយរបស់បុរសវ័យ៤១ឆ្នាំនេះឡើយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ម្ចាស់មេដាយមាសពានរង្វាន់ FIFA World Cup 2006 បាននិយាយថា៖ ““យើងបានយក Cristiano Ronaldo ហើយ ប៉ុន្តែយើងមិនបានរកវិធីបញ្ជូនបាល់ឱ្យគេស៊ុត។ បើនិយាយអំពីការលេងក្នុងស្រុកគឺយើងស្ថិតនៅកម្រិតមួយដែលខ្ពស់ជាងគេទៅហើយ ប៉ុន្តែបើយើងចង់ឈ្នះ UEFA Champions League ខ្ញុំគិតថាយើងត្រូវការ Isco ព្រោះយើងខ្វះគុណភាពនៅតំបន់បម្រើ។”
គួរឱ្យដឹងថា ឥឡូវនេះសមាជិករបស់ Juventus ទាំងអស់កំពុងតែសម្រាកលំហែកាយវិសម្សកាលជាមួយនឹងក្រុមគ្រួសាររបស់ខ្លួន ខណៈគ្រូបង្វឹក Andrea Pirlo មិនទាន់បានធ្វើការកោះហៅពួកគេមកធ្វើការជួបជុំនៅឡើយទេ ដោយទុកពេលឱ្យពួកគេសម្រាករយៈពេលយូរបន្តិចសិន ស្របពេលដែលក្របខ័ណ្ឌ Serie A រដូវកាល២០២០/២១ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ។