នាយកកីឡា Dortmund៖ Jadon Sancho នឹងលេងជាមួយយើងទៀតនៅឆ្នាំក្រោយ ហើយចម្លើយនេះគឺគ្រប់គ្រាន់ហើយ
កាលពីម្សិលមិញនៅទីលានហ្វឹកហាត់ នាយកបច្ចេកទេសកីឡារបស់ Borrussia Dortmund បានចេញមុខមកបដិសេធរឿងចរចារជាមួយ Manchester United អំពីការផ្លាស់ខ្សែបម្រើ Jadon Sancho នៅរដូវក្តៅនេះ។
លោក Michael Zorc បាននិយាយថា៖ “យើងមានគម្រោងជាមួយ Jadon Sancho រួចរាល់ហើយ។ គេនឹងលេងជាមួយយើងបន្តទៀតនារដូវកាលក្រោយ ហើយនេះជាការសម្រេចចិត្តចុងក្រោយរបស់យើង។ ខ្ញុំគិតថាចម្លើយនេះក៏សមល្មមគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាផងដែរ។”
តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា Dortmund បានទាមទារតម្លៃ១២០លានអឺរ៉ូលើតម្លៃផ្លាស់របស់ Jadon Sancho ដោយកំណត់កាលបរិច្ឆេទចប់ត្រឹមម្សិលមិញ ខណៈ Manchester United មានកញ្ចប់ទឹកប្រាក់ក្រោម១០០លានអឺរ៉ូតែប៉ុណ្ណោះហើយទាមទារបង់លុយជាដំណាក់វិញ។
គួររំលឹកថា កាលពីពេលកន្លងមក នាយកបច្ចេកទេសកីឡាខាងលើក៏ធ្លាប់បដិសេធរឿង Ousmane Dembele និង Pierre Emerick Aubameyang នឹងមិនចាកចេញពីក្លឹបផងដែរ ប៉ុន្តែនៅទីបំផុតពួកគេបានផ្លាស់ចេញទៅកាន់ FC Barcelona និង Arsenal បានសម្រេចដដែល។