អតីតគ្រូ Spurs មួយរូបថា ១លានឆ្នាំទៀតក៏ក្លឹបមិនបណ្តេញលោក Pochettino ចេញពីដំណែងដែរ
អតីតគ្រូបង្វឹក Tim Sherwood ដែលធ្លាប់ធ្វើការនៅក្រុមមាន់ក្នាយមាសបាននិយាយថា ១លានឆ្នាំទៀតក៏ក្លឹបមិនបណ្តេញលោក Mauricio Pochettino ចេញពីដំណែងដែរ។
ក្រោយពីចាប់ផ្តើមដំណើរការរដូវកាលថ្មីមិនសូវបានល្អ ហើយបូកនឹងការចាញ់២ប្រកួតជាប់គ្នាដោយឈ្នះត្រឹមតែ២លើកប៉ុណ្ណោះក្នុងការប្រកួត១០ដងចុងក្រោយបានធ្វើឲ្យកៅអីរបស់គ្រូបង្វឹក Mauricio Pochettino ឡើងកម្តៅគួរសម។
លោក Tim Sherwood ដែលធ្លាប់ដឹកនាំ Spurs បានរយៈពេល៥ខែមុនពេលដែលលោក Pochettino ចូលមកកាន់ដំណែងបានបន្ថែមថា៖ ប្រធានក្លឹប Daniel Levy គឺជាបុរសដែលវាងវៃនៅក្នុងវិស័យបាល់ទាត់នេះ អញ្ចឹងតើអ្នកគិតថាក្នុងចិត្តរបស់គាត់នឹងបណ្តេញ Poch ចេញពីដំណែងទេ? គាត់មានគម្រោងនិងលុយជាច្រើននៅក្នុងគណនីរបស់គាត់សម្រាប់ក្លឹបនេះ។ ដូចនេះគ្មានផ្លូវទេដែលគាត់នឹងបញ្ចប់ដំណែងរបស់ Mauricio Pochettino ទោះ១លានឆ្នាំទៀតក៏ក្លឹបមិនអាចដែរ។
គួរឲ្យដឹងថា ការចាញ់ Brighton ៣ទល់នឹង០កាលពីសប្តាហ៍មុន បានធ្វើឲ្យក្រុមរងជើងឯកពានរង្វាន់ UEFA Champions League បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៩នៅក្របខ័ណ្ឌ Premier League ដោយចាញ់ក្រុមកំពូលតារាង Liverpool ដល់ទៅ១៣ពិន្ទុក្នុងការប្រកួត៨សប្តាហ៍កន្លងមក ដោយនេះជាហេតុធ្វើឲ្យអ្នកគាំទ្រ Spurs មួយចំនួនមានការមិនសប្បាយចិត្តផងដែរ។