World Cup 2018៖ Frank Lampard ជឿថាលោក Southgate នឹងជួយអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ
អតីតកីឡាករជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Derby County លោក Frank Lampard បានលើកឡើងនៅថ្ងៃម្សិលមិញថា លោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក Gareth Southgate អង់គ្លេស នឹងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០១៨ នៅរុស្ស៊ី។
លោក Lampard៖ «ខ្ញុំមើលមិនឃើញពីភាពអវិជ្ជមានរបស់ក្រុមជម្រើសជាតិអង់គ្លេសពេលនេះនោះទេ។ ហើយខ្ញុំជឿជាក់ថា យើងនឹងឡើងដល់វគ្គ ៤ក្រុមចុងក្រោយ ព្រោះខ្ញុំគិតថា ពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អ … ដូច្នេះកីឡាករទាំងអស់ នឹងផ្តោតទៅលើការប្រកួត ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈជ័យជម្នះដែលគេទទួលបាន។»
អតីតខ្សែបម្រើរបស់តោខៀវ Chelsea រូបនេះ ហ៊ានអះអាងថា លោក Southgate នឹងបង្កើតទម្រង់ថ្មីមួយ សម្រាប់កីឡាករអង់គ្លេសគ្រប់រូប។ លោក Lampard បន្ថែម៖ «យើងមានឱកាសច្រើន ព្រោះថាឥឡូវយើងមិនបានលេងតាមទម្រង់ជាប្រពៃណី 4-4-2 របស់យើងនោះទេ។ តំបន់កណ្តាលរបស់យើងពេលនេះ រឹងមាំខ្លាំងណាស់។»
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានប្រកួតឈ្នះ ទុយណេស៊ី ២ទល់នឹង១ ក្នុងការប្រកួតជើងទី ១ និងឈ្នះ ប៉ាណាម៉ា រហូតដល់ ៦ទល់នឹង ១ កាលពីយប់ម្សិលមិញ ក្នុងការប្រកួតជើងទី២ វគ្គសន្សំពិន្ទុក្នុងពូល G។ អង់គ្លេស និងបែលហ្ស៊ិក សុទ្ធតែឈ្នះ ២ប្រកួតដូចគ្នា ហើយក្រុមទាំង ២ ច្បាស់ណាស់ថានឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេនឹងជួបគ្នាលើកចុងក្រោយ ក្នុងការប្រកួតជើងទី ៣ នៅថ្ងៃទី ២៨មិថុនាខាងមុខ។
ដោយឡែក សម្រាប់លោក Gareth Southgate អាយុ ៤៧ឆ្នាំ ដែលដឹកនាំក្រុមជម្រើសជាតិអង់គ្លេសទៅប្រកួតនៅរុស្ស៊ីវិញ គឺលោកជាអតីតខ្សែការពារ និងបម្រើរបស់ក្រុម Crystal Palace, Aston Villa និង Middlesbrough។ បទពិសោធន៍ក្នុងភាពជាគ្រូបង្វឹក លោក Southgate ធ្លាប់ដឹកនាំក្រុម Middlesbrough ពីឆ្នាំ ២០០៦-២០០៩ ដឹកនាំជម្រើសជាតិអង់គ្លេស U-21 ពី ២០១៣-២០១៦ និងដឹកនាំជម្រើសជាតិឈុតធំ ពីឆ្នាំ ២០១៦មក៕
ប្រភព៖ metro.co.uk