អ្នកគាំទ្រអ៊ីរ៉ង់ ទៅស្រែកជំទាលមុខសណ្ឋាគាររំខានក្រុមជម្រើសជាតិព័រទុយហ្កាល់កុំឲ្យបានដេកពួន
តាមរយៈវីដេអូ ដែលបុរសម្នាក់ឈ្មោះ Tiago Estevao បានបង្ហោះកាលពីយប់ម្សិលមិញ បានបង្ហាញឲ្យឃើញថា ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ រាប់រយណាស់ បានប្រមូលផ្តុំគ្នាស្រែកឡូឡា មុខសណ្ឋាគារ ដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ ស្នាក់នៅក្នុងទីក្រុង Saransk ប្រទេសរុស្ស៊ី។
ប្រភពវីដេអូ៖ www.twitter.com/twitter/statuses/1010984607020396545
គេមិនអាចនិយាយបានថា តើក្រុមអ្នកគាំទ្រទាំងនោះ មានចេតនា ស្រែកឡូឡា ដើម្បីរំខានកុំឲ្យក្រុមកីឡាករជម្រើសជាតិព័រទុយហ្កាល់ អាចគេងលក់បាន ឬ យ៉ាងណានោះទេ។ ប៉ុន្តែបន្តិចក្រោយមក គេឃើញរូបភាពកីឡាករ Cristiano Ronaldo បានបើកបង្អួច ហើយធ្វើសញ្ញាឲ្យអ្នកគាំទ្រទាំងនោះ ស្ងៀមស្ងាត់ ដើម្បីពួកគាត់អាចគេងបាន។
គួរជម្រាបជូនថា នៅយប់នេះ ព័រទុយហ្កាល់ ត្រូវប្រកួតជុំទី ៣ ដោយជួបជាមួយអ៊ីរ៉ង់ ដែលការប្រកួតនេះ មានតំលៃបំផុត ជាការកាត់សេចក្តីថាតើព័រទុយហ្កាល់ ឬ អ៊ីរ៉ង់ ជាអ្នកនៅបន្ត។ ការប្រកួតក្នុងពូល B នៅយប់នេះ ជាការប្រកួតមួយ ដែលនឹងជក់ចិត្តបំផុត ព្រោះ ៣ក្រុម (អេស្ប៉ាញ ព័រទុយហ្កាល់ និងអ៊ីរ៉ង់) នឹងត្រូវប្រឹងប្រែងមែនទែន ដើម្បីឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ៕
ប្រភព៖ The Standard