Man Utd និង Sheffield United កំពុងពិភាក្សាលើដំណើរការកម្ចីអ្នកចាំទី
(BC-99)
ក្រុម Sheffield United និង Manchester United កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្នុងការខ្ចីអ្នកចាំទី Dean Henderson នៅរដូវកាលក្រោយ។
អ្នកចាំទីដែលមានថ្វីដៃដ៏ប៉ិនប្រសប់រូបនេះគឺជាកីឡាករសំណព្វចិត្តរបស់លោក Chris Wilder ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Sheffield United ទាំងនៅក្របខ័ណ្ឌ Championship កាលពីរដូវកាលមុននិងនៅ Premier League នារដូវកាល ២០១៩-២០ នេះ។
សម្រាប់ក្រសែភ្នែករបស់អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer វិញក៏មើលឃើញថា Henderson គួរតែក្លាយជាអ្នកចាំទីលំដាប់លេខមួយរបស់ Manchester United នៅថ្ងៃអនាគតប្រសិនជា David de Gea មិនអាចរក្សាតំណែងជម្រើសទី ១ នៅ Old Trafford បាន។
លោក Wilder បានបញ្ជាក់កាលពីថ្ងៃចន្ទថាកិច្ចពិភាក្សារវាងក្លឹបទាំងពីរកំពុងតែដំណើរការហើយ ក៏ប៉ុន្តែលោកនៅតែសង្ឃឹមថាអ្នកចាំទីវ័យ ២៣ ឆ្នាំម្នាក់នេះនឹងនៅតែបង្ហាញខ្លួននៅឯ Bramall Lane រយៈពេលមួយឆ្នាំទៀត។
លោក Wilder បាននិយាយថា “ខ្ញុំបាននិយាយទៅកាន់ Ole កាលពីម្សិលមិញ ហើយខ្ញុំបានអរគុណគាត់ចំពោះកិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយ Dean ។ យើងស្ថិតក្នុងដំណើរការនៃការចចារក្នុងរយៈពេលពីរបីថ្ងៃទៀត ប៉ុន្តែ Dean នឹងស្នាក់នៅជាមួយពួកយើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ”។
Wilder បានសារភាពថាគាត់មិនចង់បាត់បង់អ្នកចាំទី Dean Henderson លើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ដោយគ្រាន់តែបង្ហាញខ្លួនជាអ្នកចាំទីដៃបម្រុងជាមួយក្រុមបិសាចក្រហមឡើយ ដោយលោកបាននិយាយថា “យើងមានការសន្ទនាដំណាក់កាលដំបូង។ Manchester United អាចទិញផ្តាច់អ្នកចាំទីរូបនេះបាន។ តែយើងក៏នឹងបើកទ្វារឱ្យ Dean ត្រឡប់មកវិញដែរប្រសិនបើក្រុម Manchester United មិនគោរពតាមបំណងរបស់ពួកយើង។