សហព័ន្ធបាល់ទាត់អេហ្ស៊ីបដេញគ្រូបង្គោលដែលដឹកនាំមិនចាញ់សោះក្នុងរយៈពេល២ឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបានដកតំណែងគ្រូបង្គោល Hossam El-Badry ក្រោយប្រកួតស្មើហ្គាបុង ១ទល់នឹង១ក្នុងការប្រកួតជម្រុះ FIFA World Cup 2022 ប្រចាំទ្វីបអាហ្វ្រិក។
សេចក្ដីសម្រេចនេះធ្វើឡើងកាលថ្ងៃទី០៦ ខែកញ្ញា មួយថ្ងៃក្រោយអេហ្ស៊ីបប្រកួតស្មើយ៉ាងលំបាក តាមរយៈការរកគ្រាប់បាល់បញ្ចូលទីពី Mostafa Mohamed ក្នុងនាទី៩០។
សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបានកោះប្រជុំជាបន្ទាន់ក្រោមវត្តមានលោកប្រធាន Ahmed Mujahid និងបានថ្លែងអំណរគុណចំពោះការរួមចំណែកពីលោក El-Badry។
អេហ្ស៊ីបកំពុងនាំមុខក្នុងពូល F នៃការប្រកួតជម្រុះ World Cup 2022 ដោយមាន៤ពិន្ទុពីការប្រកួត២លើក។ ប្រកួតដំបូង ពួកគេឈ្នះអង់ហ្គោឡា ១ទល់នឹង០។ យ៉ាងណា ការដឹកនាំពីលោក El Badry ទទួលបានការរិះគន់ពីអ្នកអត្ថាធិប្បាយ និងអ្នកគាំទ្រចំពោះគុណផលមិនល្អ និងរបៀបប្រើកីឡាករ។
បុរសវ័យ៦១ឆ្នាំបានចូលកាន់ការងារជាគ្រូបង្គោលអេហ្ស៊ីបក្នុងខែកញ្ញា ឆ្នាំ២០១៩ ជំនួសលោក Javier Aguirre បន្ទាប់ពីចាញ់អាហ្វ្រិកខាងត្បូង ០ទល់នឹង១ ក្នុងវគ្គ១ភាគ៨ ជើងឯកអាហ្វ្រិក លើដីខ្លួនឯង។
រយៈពេល២ឆ្នាំ អេហ្ស៊ីបមិនដែលចាញ់ទេ ដោយឈ្នះ៥ និងស្មើ៤ ហើយក៏បានជួយក្រុមចូលដល់ជុំចុងក្រោយជើងឯកអាហ្វ្រិក ២០២១ ថែមទៀត។
ការប្រកាសគ្រូបង្គោលថ្មីនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា៕