Maguire ថា Man UTD ចាប់ផ្ដើមយកពានវិញហើយក្រោយទម្លាក់ Everton
ប្រធានក្រុម Harry Maguire និយាយថា Manchester United ចាប់ផ្ដើមឈានទៅប្រមែប្រមូលពានដូចគេឯងវិញហើយ ក្រោយទម្លាក់ Everton ដោយលទ្ធផល០ទល់នឹង២ ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ League Cup នៅថ្ងៃពុធ ទី២៣ ខែធ្នូ។
ក្រុមបិសាចក្រហមលើកពាន League Cup ចុងក្រោយនៅឆ្នាំ២០១៧ ហើយការប្រកួតយប់មិញ Edison Cavani និង Anthony Martial រកបានម្នាក់មួយគ្រាប់ដើម្បីបញ្ជូនក្រុមទៅប៉ះ Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រោយចប់ការប្រកួត Maguire ថ្លែងបែបនេះ “៖យើងសង្ឃឹមលើកពាន។ វាជារឿងសំខាន់មួយដែលបានឈានទៅកាន់ការប្រកួតធំៗនេះ។ យើងនឹងអាចលើកបានពានខ្លះសម្រាប់ក្លិប។”
Everton អត់សំណាងឡើយក្នុងវគ្គទីពីរ ក្រោយ Richarlison មានបញ្ហារបួស ហើយ Gylfi Sigurdsson មានឱកាសទាត់ហ្វ្រីឃីកដែរ តែមិនអាចទម្លុះសំណាញ់របស់ Dean Henderson។
បរាជ័យនេះមានន័យថា ក្រុមលោក Carlo Ancelotti បានបញ្ចប់ជ័យជម្នះ៣លើកជាប់គ្នាដែលបានរុញ Everton ទៅលេខ៤នៅតារាង Premier League ដែរ។
ដូច្នេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Man UTD ត្រូវទទួល Manchester City នៅ Old Trafford និង Tottenham Hotspur ទទួល Brentford នៅខែមករា ឆ្នាំ២០២១៕