បើកឆាកឆ្នាំ២០២២ ភ្នំពេញក្រោនទទួលដៃគូពិសេសមួយភ្លែត
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការសហការគ្នាជាមួយក្លិបហាត់ប្រាណ Premium ដើម្បីកាយសម្បទាកីឡាករ កីឡាការិនីរបស់ខ្លួនកាន់តែរឹងមាំ ធ្វើឲ្យមានភាពងាយស្រួលដល់ការប្រកួតប្រជែង។
កិច្ចសហការនេះត្រូវបានប្រកាសឡើងនៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នាកីឡដ្ឋាន RSN ដោយមានវត្តមានលោក កែវ សុខង៉ន អ្នកចាត់ការក្រុមប្រចាំក្លិបភ្នំពេញក្រោន, លោក Oleg Staryinski គ្រូបង្គោល លោកឧកញ៉ា ស្រី ចាន់ថន និងលោកជំទាវ រឹទ្ធ ដារ៉ាវីន នាយិការក្លិបហាត់ប្រាណ Premium។
លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន ថ្លែងថា លោកពិតជារីករាយចំពោះកិច្ចសហប្រតិបត្តិការគ្នានេះ ព្រោះអាចជួយពង្រឹងកាយសម្បទាកូនក្រុមរបស់លោកទាំងប្រុស ទាំងស្រី ត្រៀមការប្រកួតនានាដែលទាមទារការប្រកួតប្រជែងខ្ពស់។ ចំពោះការហ្វឹកហាត់លើទីលានមិនគ្រប់គ្រាន់ទេ ពោលទាមទារឲ្យការពង្រឹងបន្ថែមលើកាយសម្បទា។ លោកថា ការជួយជ្រោមជ្រែងនេះ គឺផ្ដោតលើគ្រប់កម្រិតរបស់ភ្នំពេញក្រោនតែម្ដង។
ចំណែកលោកឧកញ៉ា ស្រី ចាន់ថន សង្កត់ធ្ងន់ថា មូលហេតុដែលនាំឲ្យឈានទៅចាប់ដៃគូជាមួយភ្នំពេញក្រោន ព្រោះជាក្លិបដ៏ធំនៅកម្ពុជា ប្រកបដោយស្តង់ដារខ្ពស់ ហើយភាគីខាងលោកក៏ត្រៀមរួចជាស្រេចដើម្បីជួយជ្រោមជ្រែងដល់កីឡាករ កីឡាការិនីភ្នំពេញក្រោន។ មិនតែប៉ុណ្ណោះក្លិបហាត់ប្រាណរបស់លោកក៏បើកចំហរក្នុងការសហការជាមួយក្លិបបាល់ទាត់ផ្សេងៗទៀតដែរនៅកម្ពុជា។
ជាចុងក្រោយលោកឧកញ៉ា ស្រី ចាន់ថន ក៏ជំរុញដល់កីឡាករ កីឡាការិនីធ្វើយ៉ាងណាហាត់ប្រាណពង្រឹងកាយសម្បទាឲ្យបានល្អ ព្រោះវាពិតជាសំខាន់សម្រាប់ពួកគេដើម្បីអាចប្រកួតប្រជែងបានខ្ពស់៕