Bilbao នឹងលេងផ្ដាច់ព្រ័ត្រ Copa del Rey ២ដងក្នុងខែមេសា
Athletic Bilbao បានយកឈ្នះ Levante ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ដែលមានន័យថា ពួកគេនឹងមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានធំរបស់អេស្ប៉ាញនេះដល់ទៅ២ដងក្នុងខែមេសា ឆ្នាំ២០២១។
ផ្ដាច់ព្រ័ត្រ២ដងដោយសារតែការប្រកួតសម្រាប់រដូវកាល២០១៩/២០២០មិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ ព្រោះមានការពន្យារពាក់ព័ន្ធជំងឺកូវីដ១៩ ហើយកាលបរិច្ឆេទនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមេសា តទល់ Real Sociedad។
រំលងបាន២សប្ដាហ៍ ពោលនៅថ្ងៃទី១៧ ខែមេសា Bilbao នឹងមានវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ២០២០/២០២១ មួយលើកទៀតដោយត្រូវប៉ះជាមួយ FC Barcelona។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២០២០/២០២១ Bilbao ឈ្នះ Levante សរុបទាំង២ជើង ៣ទល់នឹង២ ពោលជើងទីមួយស្មើគ្នា១ទល់នឹង១។
Bilbao ធ្លាប់លើកពាន Copa del Rey ២៣ដង ដោយលើកចុងក្រោយក្នុងរដូវកាល១៩៨៣/១៩៨៤ ហើយឥឡូវពួកគេអាចយកបានជើងឯក២ដងក្នុងរយៈពេល២សប្ដាហ៍ ឬក៏អាចចាញ់ទាំង២ដងក៏ថាបាន។
ដោយឡែក Barcelona ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះបានវាយបក Sevilla ៣ទល់នឹង២ ក្នុងវគ្គ៤ក្រុមចុងក្រោយ៕