សមាជិក MSR មានឱកាសចូលកៀកកីឡាករ Man UTD ពេលប្រកួតនៅថៃ
សមាជិក MSR Sports ២រូប គឺលោក យ៉េន ម៉ៅ និងលោក វ៉ន រតនៈមនោរម្យ ព្រមទាំងអ្នកសារព័ត៌មានកីឡាកម្ពុជាម្នាក់ទៀត និងជា Leader អ្នកគាំទ្រ Man UTD នៅកម្ពុជាផងនោះ គឺលោក មួន សុគន្ធដារ៉ា នឹងធ្វើដំណើរទៅកាន់រាជធានីបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ដើម្បីចូលរួមទស្សនាការប្រកួតពានរង្វាន់មិត្តភាព Century Cup រវាង Liverpool និង Manchester United នៅកីឡដ្ឋាន Rajamangala ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
វត្តមានរបស់លោក យ៉េន ម៉ៅ និងលោក វ៉ន រតនៈមនោរម្យ ក៏ដូចជាអ្នកសារព័ត៌មានកីឡាករខ្មែរដែលបានរួមដំណើរត្រូវបានរ៉ាប់រងដោយក្រុមហ៊ុន Chivas។
លោក យ៉េន ម៉ៅ បានឲ្យដឹងថា “៖ កម្មវិធីធ្វើដំណើរនេះរ៉ាប់រងដោយ Chivas ហើយយើងនឹងស្នាកនៅក្នុងសណ្ឋាគារជាមួយក្រុម Manchester United តែម្ដង។ យើងអាចថតជាមួយកីឡាករ Man UTD, សម្ភាសកីឡាករ Man UTD ដូចជា De Gea, Bruno និង Fred ហើយនឹងមានបដិសណ្ឋារកិច្ចជាច្រើនទៀត។ យើងក៏អាចមើលការហ្វឹកហាត់របស់ Man UTD, ចូលរួមសន្និសីទ និងថតរូបអនុស្សាវរីយ៍។ ដល់ថ្ងៃប្រកួត ពោលមួយម៉ោងមុនប្រកួត យើងអាចចូល field ថត និងនៅកៅអីបម្រុងអីជាដើម។”
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់មិត្តភាព Century Cup រវាង Liverpool និង Manchester United នឹងប្រព្រឹត្តទៅម៉ោង៨យប់។
ក្រៅពីអ្នកសារព័ត៌មានកីឡាដ៏សកម្មទាំង៣ខាងលើ ក៏មានអ្នកសារព័ត៌មាន និងអ្នកគាំទ្រពីកម្ពុជាយ៉ាងច្រើនទៀតដូចជាលោក តុង សុប្រាជ្ញ ដែលជាអ្នកគាំទ្រ Arsenal, លោក ខាំ ភូរិ, លោក បែ មករា ជាដើម ដែលនឹងចូលរួមទស្សនាការប្រកួតដ៏ពិសេសខាងលើដោយផ្ទាល់៕