
Ole និយាយពីវិធីម្យ៉ាងដែលអាចរក្សា Pogba ឱ្យនៅបន្តជាមួយ បិសាចក្រហម
(BC-99)
លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United ហាក់ដូចជាទទួលស្គាល់ថា Paul Pogba ប្រាកដជាត្រូវចាកចេញពី Old Trafford នៅពេលឆាប់ៗខាងមុខនេះ តែលោកក៏មានវិធីមួយដែរប្រសិនបើជាក្លិបនៅតែចង់ថែរក្សាកីឡាករបារាំងរូបនេះឱ្យនៅជាមួយជាបន្តនោះ។
តាំងតែពី Pogba បានចូលរួមជាមួយ Manchester United ជាថ្មីរូបគេទើបតែបានជួយឱ្យក្លិបនេះឈ្នះពានរង្វាន់ធំចំនួនពីរប៉ុណ្ណោះគឺ League Cup និង Europa League អំឡុងយុទ្ធនាការដំបូងរបស់គេក្នុងអំឡុងរដូវកាល ២០១៦-១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ប៉ុន្តែចាប់តាំងពីពេលនោះមកគេក៏មានបញ្ហាដោយមិនអាចរក្សាវត្តមាន១១នាក់ដំបូងឱ្យបានជាប់លាប់ទៀតឡើយសម្រាប់ United ហើយវាបាននាំឱ្យភ្នាក់ងាររបស់គេគឺលោក Mino Raiola និយាយថាគេនឹងត្រូវចាកចេញពីក្លឹបនាពេលខាងមុខនេះ។
Solskjaer បានប្រាប់ ESPN ថាលោកមិនអាចហាមឃាត់អ្នកណាម្នាក់ឱ្យបោះបង់បំណងដែលចង់ចាកចេញពី Old Trafford ទៅកាន់កន្លែងផ្សេងបានទេដែលក្នុងនោះលោកក៏បានរាប់បញ្ចូលទាំង Paul Pogba ដែរ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ “ វាតែងតែជាតំរូវការមួយនៅ Manchester United ដើម្បីឈ្នះពានរង្វាន់។ ហើយនៅពេលដែលយើងឈ្នះពានរង្វាន់កាន់តែច្រើនកីឡាករក៏បានលេងកាន់តែច្រើនដែរ។ ការឈ្នះពានវាក៏ជាតំរូវការរបស់កីឡាករដែរ។ និយាយដោយស្មោះទៅ Paul ពិតជាចង់ឈ្នះពានរង្វាន់បន្ថែមទៀត។ គេមានអាកប្បកិរិយាល្អណាស់ក្នុងការហ្វឹកហាត់និងលេងបាល់ទាត់។ គេស្រឡាញ់បាល់ទាត់ គេមានមហិច្ឆតាចង់ទទួលបានជោគជ័យដូចអ្នកដទៃទៀតដែរ។ ដូចនេះយើងអាចរក្សាគេឱ្យនៅជាបន្តបានប្រសិនបើយើងឈ្នះពាន” ។