គ្រូជំនួយវិសាខារូបនេះទំនងទៅកាន់តំណែងគ្រូធំនៅព្រៃវែងអេហ្វស៊ី
ប្រភពមួយចំនួនឲ្យដឹងថា លោក ឡុង ឫទ្ធា ដែលជាគ្រូជំនួយវិសាខា នឹងក្លាយជាគ្រូបង្គោលថ្មីរបស់ព្រៃវែងអេហ្វស៊ី សម្រាប់រដូវកាលថ្មី២០២២។
មិនទាន់មានការប្រកាសណាមួយនៅឡើយទេ ប៉ុន្តែប្រភពខ្លះបង្ហើបថា លោក ឡុង ឫទ្ធា ដែលមានវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត A ផងនោះ បានចូលបង្ហាត់កីឡាករព្រៃវែងជិតមួយខែមកហើយ។
គួរដឹងដែរថា ព្រៃវែងអេហ្វស៊ី បានចែកផ្លូវជាមួយគ្រូបង្គោលជនជាតិថៃកម្រិត Pr0 License លោក Thongchai Rungreangleas ក្រោយកាន់ការងារបានមួយឆ្នាំ ដែលក្រុមមានមូលដ្ឋាននៅខេត្តព្រៃវែងបញ្ចប់នៅលេខ១២លីគកំពូល ២០២១។ សម្រាប់ឆ្នាំ២០២២ ពួកគេនឹងត្រូវទៅលេងនៅលីគទី២។
សម្រាប់លោក ឡុង ឫទ្ធា ធ្លាប់ជាកីឡាករក្រសួងការពារជាតិ និងជម្រើសជាតិកម្ពុជា។ លោកធ្លាប់ជាគ្រូជំនួយការពារជាតិ, គ្រូជំនួយនៅសាលាបាទី និងជាគ្រូយុវជនវិសាខា៕