
ឆ្លើយតបនឹងពាក្យចចាមអារ៉ាម Juventus បដិសេធរឿងចង់បាន Zidane ជាទីប្រឹក្សា!
បន្ទាប់ពីមានការចុះផ្សាយពីបណ្តាសារព័ត៌មានអេស្ប៉ាញជាច្រើន ថាក្លឹបយក្សនៅ Serie A របស់អ៊ីតាលី Juventus កំពុងតែទាក់ទងលោក Zinedine Zidane ទៅធ្វើជាទីប្រឹក្សា, ក្លឹបដែលមានរហ័សនាមថា ស្ត្រីចំណាស់ “the Old Lady”នេះ បានចេញមុខមកបដិសេធនៅថ្ងៃម្សិលមិញថា គេមានអ្នកឲ្យប្រឹក្សារួចហើយ ហើយក៏មិនចង់បាន Zidane មកដែរ។
គេហទំព័រ Calciomercato.com បានចុះផ្សាយថា ក្លឹប Jventus បានបដិសេធពីសេចក្តីរាយការណ៍នានា ដោយលើកឡើងថា គេគ្មានបំណងចង់ចុះហត្ថលេខានាំលោក Zidane ឬ កូនប្រុសរបស់គាត់ Luca មកចូលរួមជាមួយក្រុមនោះទេ ព្រោះខណៈពេលនេះ ក្លឹបមាន លោក Pavel Nedved ជាទីប្រឹក្សារួចហើយ។
គួរជម្រាបជូនថា បន្ទាប់ពីការបញ្ជាក់ជាផ្លូវការពីវត្តមានកីឡាករ Cristiano Ronaldo នៅក្លឹប Juventus សារព័ត៌មានអេស្ប៉ាញជាច្រើន បានចុះផ្សាយថា ក្លឹបមួយនេះ កំពុងមានទំនាក់ទំនងនាំយកលោក Zidane អតីតអ្នកចាត់ការទូទៅក្លឹបយក្ស Real Madrid ទៅចូលរួមជាទីប្រឹក្សា។ ហើយបើតាមសារព័ត៌មានទាំងនោះ ហេតុផលនៃការចង់បាន លោក Zidane របស់ Juventus គឺដោយសារតែគាត់ធ្លាប់ជាអតីតកីឡាកររបស់ក្លឹបនេះ ពីឆ្នាំ ១៩៩៦ ដល់ ២០០១ មុនពេលផ្ទេរទៅកាន់ក្លឹប Real Madrid។ មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មានទាំងនោះក៏បានផ្សាយថា ក្លឹបយក្សនៅអ៊ីតាលីនេះ ចង់បានកូនប្រុសលោក Zidane ឈ្មោះ Luca ទៅធ្វើជាអ្នកចាំទីរបស់ខ្លួនទៀត៕