ស៊ន អេលីត៖ អេលីត ចំរើន បើចង់ឈ្នះខ្សែក្រវ៉ាត់មាស ត្រូវតែវ៉ៃឲ្យដៃគូសន្លប់
លោកគ្រូ ស៊ន អេលីត ដែលជាម្ចាស់ក្លឹបប៉ែនកាក់គុនខ្មែរ បាននិយាយថា កូនសិស្សរបស់លោក អេលីត ចំរើន បើចង់ឈ្នះខ្សែក្រវ៉ាត់មាស នៅសង្វៀន PNN ត្រូវតែវ៉ៃអោយដៃគូសន្លប់ទើបកក់ក្តៅ ព្រោះបើប្រកួតឈ្នះចាញ់ដោយពិន្ទុ លោកមានការព្រួយបារម្ភនិងរឿងដដែលៗចំពោះការដាក់ពិន្ទុរបស់ចៅក្រម។ តែទោះបីជាយ៉ាងណានេះគ្រាន់តែជាការគិតរបស់លោកតែប៉ុណ្ណោះ ព្រោះពេលវេលានៃការប្រកួតនៅសល់វែងឆ្ងាយទៀត ស្របពេលដែលខ្សែក្រវ៉ាត់ប្រាក់ទើបតែរកបានម្ចាស់២នាក់គឺ អេលីត ចំរើន និង អេ ណារ័ត្ន ដោយត្រូវរងចាំម្ចាស់ខ្សែក្រវ៉ាត់២នាក់ផ្សេងទៀត។
ចំពោះលោកគ្រូ ស៊ន អេលីត បានអោយដឹងទៀតថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កូនសិស្សរបស់លោកចាប់ឈ្មោះប៉ះកីឡាករណាក៏បានដែរ ព្រោះកីឡាករដែលឡើងមកកាន់វគ្គនេះបានគឺសុទ្ធតែខ្លាំងៗ តែអ្វីដែលលោកចង់បានគឺភាពយុត្តិធម៍ ព្រោះកន្លងមកមានអ្នកមួយចំនួនមិនសូវពេញចិត្តនិងក្លឹបរបស់លោក ដែលមានការរីកចំរើនលឿនដល់ថ្នាក់នេះ។
សូមបញ្ជាក់ថា អេលីត ចំរើន និង អេ ណារ័ត្ន គុនខ្មែរទាំង២រូបនេះត្រូវឈររង់ចាំបេក្ខភាព៤រូបផ្សេងទៀតដែលត្រូវប្រជែងគ្នាដណ្តើមយកខ្សែក្រវ៉ាត់ប្រាក់ មានដូចជា ឃួន ឡាំកូស៊ីន ប្រកួតជាមួយ ប៊ុន សុធា និង វ៉ាន់ វឿន ប្រកួតជាមួយ លាប រដ្ឋា៕