ស្ថិតិពិសេសៗរបស់ Bruno ក្រោយ Man UTD ឈ្នះ Sociedad ០-៤
Bruno Fernandes រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង៤លើ Real Sociedad ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Europa League ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ។
គិតមកទល់ពេលនេះ Fernandes រកបាន៨គ្រាប់ហើយសម្រាប់ Manchester United ក្នុងការប្រកួតជើងឯកអឺរ៉ុបតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយមាន Romelu Lukaku ម្នាក់ទេដែលមានកំណត់ត្រាល្អជាង ពោល១១គ្រាប់។
ខ្សែបម្រើព័រទុយហ្គាល់ក៏ពាក់ព័ន្ធនឹងគ្រាប់បាល់៥២គ្រាប់ដែរ គឺបំប៉ោងសំណាញ់៣៣គ្រាប់ និងបញ្ជូន១៩លើកក្នុងចំណោម៥៨ប្រកួតនៅ Man UTD ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០។ គ្មានកីឡាករណានៅ Premier League ដែលធ្វើបានល្អជាង Fernandes ទេ។
អតីតសមាជិក Sporting Lisbon ដដែលឈរលំដាប់ទី៣ក្រោម Lionel Messi (ពាក់ព័ន្ធ៥៣គ្រាប់) និង Robert Lewandowski (ពាក់ព័ន្ធ៦៧គ្រាប់) ក្នុងចំណោមកីឡាករនៅលីគកំពូលអឺរ៉ុបទាំង៥។
រដូវកាលនេះ Bruno Fernandes រកបាន២០គ្រាប់ហើយសម្រាប់ Man UTD ពីគ្រប់កម្មវិធី។ នៅ Premier League 2020/2021 នេះគេធ្វើបាន១៤គ្រាប់ និងកំពុងប្រជែង Top Scorer៕