គ្រូបង្វឹក A.C លោក Pioli មិនខ្វល់និងអត្តចរិតទ្រគោះបោះបោករបស់ Ibrahimovic
(BC-99)
លោក Stefano Pioli ដែលជាគ្រូបង្វឹករបស់ក្រុម A.C Milan បាននិយាយថាគាត់ចាំបាច់ត្រូវតែគ្រប់គ្រង Zlatan Ibrahimovic អោយបានល្អជាងនេះបន្ទាប់ពីរូបគេបានបង្ហាញកាយវិការខឹងសម្បានៅពេលប្តូរចេញពីការប្រកួតជាមួយក្រុម Bologna ។
Ibrahimovic បានបញ្ជូនបាល់បានសម្រេចមួយគ្រាប់មុនពេលដែលរូបគេត្រូវបានប្តូរចេញក្នុងអំឡុងពេលដែលក្រុម A.C Milan បានរកជ័យជម្នះនៅ Serie A ដោយលទ្ធផល ៥-១ លើទឹកដី San Siro កាលពីថ្ងៃសៅរ៍។
កីឡាករចាស់វស្សាវ័យ ៣៨ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍ធុញថប់នៅពេលដែលត្រូវលោក Pioli ផ្លាស់ប្តូរចេញពីការប្រកួត ក៏ប៉ុន្តែគ្រូបង្វឹករូបនេះបាននិយាយថា Ibrahimovic គឺតែប៉ុណ្ណឹងដោយលោកបានប្រាប់ DAZN ថា “Ibra បាននិយាយរអ៊ូៗ តែខ្ញុំមិនយល់ពីអ្វីដែលគេនិយាយទេ។ វាក៏ជារឿងធម្មតាដែរ។ ខ្ញុំចង់អោយអ្នករាល់គ្នាមានសុខភាពល្អ ហើយខ្ញុំក៏មិនចង់អោយគេ (Ibrahimovich) ហត់នឿយច្រើនដែរ” ។
កីឡាករ Alexis Saelemaekers, Hakan Calhanoglu, Ismael Bennacer, Ante Rebic និង Davide Calabria គឺសុទ្ធតែបានស៊ុតបាល់បញ្ចូលទីអោយក្រុម AC Milan ម្នាក់មួយគ្រាប់។ ឋិតនៅចំណាត់ថ្នាក់លេខ ៦ នៃក្របខណ្ឌ Serie A, ក្រុម AC Milan មិនទាន់ស្គាល់ពាក្យថាចាញ់សោះក្នុង ៩ ប្រកួតចុងក្រោយចាប់តាំងពីការបើកការប្រកួតឡើងវិញ រីឯលោក Stefano Pioli ក៏បានសម្តែងនូវសេចក្តីរីករាយសប្បាយចិត្តនឹងទម្រង់លេងរបស់ក្រុមខ្លួនដែរ។