
៣យ៉ាងគួរដឹងពីការប្រកួត MCL កាលថ្ងៃសៅរ៍ម្សិលមិញ
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាបានបញ្ចប់សប្ដាហ៍ទី០៨ចំនួន៣គូកាលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា។
ជាលទ្ធផលបឹងកេតបានបំបាក់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ៦ទល់នឹង១, គិរីវង់សុខសែនជ័យចាញ់២ទល់នឹង៣ និងអាស៊ីអឺរ៉ុបយូណាយធីតចាញ់អង្គរថាយហ្គឺរ០ទល់នឹង៣។
ពីការប្រកួតនេះដែរមានរឿងរ៉ាវដ៏ចាប់អារម្មណ៍ចំនួន៣ គឺ ៖
១. អ៊ុំ សេរីរ័ត្ន របូត៦គ្រាប់នៅ MCL លើកដំបូងក្នុងអាជីព
– តាំងពីចូលលេងក្រុមធំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០១៤ អ៊ុំ សេរីរ័ត្ន មិនធ្លាប់ជួបលទ្ធផលដ៏យ៉ាប់បែបនេះទេ។ នៅរដូវកាល២០២០ហាក់មិនសមប្រកបសម្រាប់កីឡាករធ្លាប់ជាប់ជម្រើសជាតិក្រុមធំកម្ពុជារូបនេះឡើយ ដោយគេរបូតគ្រាប់បាល់ច្រើនៗជាបន្តបន្ទាប់។ ប្អូនប្រុសអ្នកចាំទី អ៊ុំ វិចិត្រ ធ្លាប់បានស្រោមដៃមាស MCL ឆ្នាំ២០១៦ បូករួមទាំងស្រោមដៃមាសពានសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំដដែលនោះ។
២. កែវ សារ៉ាត់ ទាត់ចូលក្រុមចាស់
– ខ្សែការពារ កែវ សារ៉ាត់ បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងចំណោមជ័យ០ទល់នឹង៣របស់អង្គរថាយហ្គឺរលើម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត។ តាមពិតទៅ ខ្សែការពារវ័យ២១ឆ្នាំរូបនេះទើបចេញពី AEU ទៅថាយហ្គឺរនៅដើមរដូវកាល២០២០។ អតីតយុវជនថ្នាលព្រះខ័នរាជស្វាយរៀងត្រូវបានអាស៊ីអឺរ៉ុបខ្ចីនៅរដូវកាល២០១៨ មុនផ្ទេរផ្ដាច់នៅ២០១៩។ គេបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងក្នុងក្រុមលោក សុក វាសនា ដោយបង្ហាញខ្លួនមិនសូវបាត់មុខឡើយ។ នៅដើមឆ្នាំ២០១៩ កីឡាករមានប្រភពពីខេត្តស្វាយរៀងបានជាប់បញ្ជីបឋមជម្រើសជាតិអាយុក្រោម២២ឆ្នាំទៀតផង។
៣. គិរីវង់សុខសែនជ័យឈ្នះនៅលើដីសៀមរាបលើកដំបូង
– ចាប់តាំងពីវិលទៅកាន់ក្របខណ្ឌកំពូលកម្ពុជានៅរដូវកាល២០១៩ និងលេងបាន៣ប្រកួតនៅសៀមរាប គិរីវង់សុខសែនជ័យមិនដែលឈ្នះនៅទឹកដីអង្គរនេះឡើយ។ ៣ប្រកួតដំបូង ចាញ់អង្គរថាយហ្គឺរ២ទល់នឹង០, ស្មើសូលទីឡូអង្គរ០ទល់នឹង០ ឆ្នាំ២០១៩ និងចាញ់អង្គរថាយហ្គឺរ២ទល់នឹង០ម្ដងទៀតនៅឆ្នាំ២០២០។ ផ្ទុយទៅវិញ ក្រុមមកពីខេត្តតាកែវ បានយកឈ្នះសូលទីឡូអង្គរ ២ទល់នឹង៣ ក្នុងការប្រកួតនៅសៀមរាបលើកទី៤ នៅថ្ងៃសៅរ៍ ទី១៨ កក្កដា។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ៣គូទៀតនឹងបន្តការប្រកួត ដោយយុវជនបាទីទទួលវិសាខា, អគ្គិសនីកម្ពុជា ទទួលណាហ្គាវើលដ៍ និងភ្នំពេញក្រោន ទទួលនគរបាលជាតិ៕
រូបភាព ៖ CNCC