ភ្នំពេញក្រោន នឹង ណាហ្គាវើលដ៍ ឈ្នះដូចគ្នា ខណៈ រុឹង ប៊ុនហៀង រកបាន ២គ្រាប់ឱ្យ វិសាខា
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ធកំពូលរបស់កម្ពុជា នាសប្តាហ៍ទី៨ ដោយក្រុមភ្ញៀវ វិសាខា បានយកឈ្នះម្ចាស់ផ្ទះ យុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ៦ ទល់ ០ នាកីឡដ្ឋាន ជាតិបាទី ខណៈដែលខ្សែប្រយុទ្ធ រុឹង ប៊ុនហៀង រកបាន ២គ្រាប់ ស្របពេលដែល ភ្នំពេញក្រោន នឹង ណាហ្គាវើលដ៍ ឈ្នះដូចគ្នា។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ រកបានដោយកីឡាករ ៤រូប ពោលគឺ Opeyemi K. Ajayi នៅនាទី ២’ ខ្សែប្រយុទ្ធឆ្នើម រុឹង ប៊ុនហៀង រកបាននៅនាទី៣’ និងទី៣៦’ ខណៈដែលកីឡាករ សុិន សុផាណាត់ រកបាននៅនាទី២០’ និងនាទី៥០’ ស្របពេលដែលកីឡាករ Mihaljevic Filp រកបាននៅនាទី៨៦’ ។ ភ្នំពេញក្រោន បានយកឈ្នះលើក្រុមភ្ញៀវ នគរបាលជាតិ ដោយលទ្ធផល ៤ ទល់ ០ ចំណែកឯក្រុម ណាហ្គាវើលដ៍ បានយកឈ្នះម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៥ ទល់ ១ ។
គួរបញ្ជាក់ផងដែរថា រុឹង ប៊ុនហៀង គឺជាកីឡាករកម្ពុជាដែលរកបានគ្រាប់បាល់ច្រើនជាងគេ ពោលគឺ ៧ គ្រាប់ក្នុងការប្រកួត ៤ លើក រួមមានប្រកួតជាមួយសូលទីឡូអង្គរ រកបាន ២គ្រាប់ ភ្នំពេញក្រោន ១គ្រាប់ អគ្គិសនីកម្ពុជា ២គ្រាប់ និងជ័យជម្នះមុននេះរូបគេរកបានដល់ទៅ ២គ្រាប់បន្ថែមទៀត៕